ពីរនាក់ឪពុក និងកូនជាបុគ្គលមានឈ្មោះល្បីដូចគ្នា តែមានជំនាញខុសគ្នា

​កញ្ញា​ ​សំ​ ​ថា​រ័ត្ន ​គឺជា​កីឡាករ​ល្បុក្កតោ​មួយ​រួម​ដ៏​ល្បីល្បាញ​ដោយ​កញ្ញា​ធ្លាប់​ត្រូវ​បាន​ម្ចាស់​ខ្សែភាពយន្ត​ទាំង​ជាតិ​ ​និង​អន្តរជាតិ​អញ្ជើញ​ទៅ​សម្ដែង​ដោយតម្រូវ​ឱ្យ​កញ្ញា​ប្រើប្រាស់​គុនល្បុក្កតោ​នេះ​ ​ខណៈ​ដែល​ឪពុក​ជា​តន្ត្រី​ករ​ ​និង​កវីនិពន្ធ​ដ៏​ល្បីល្បាញ​កាលពី​ជំនាន់ដើម​ ​។ មាន​ឈាមជ័រ​ជា​អ្នក​សិល្បៈ ​តែ​បែរជា​មាន​ចំណូលចិត្ត​លើ​កីឡា​ក្បាច់​គុន​ ​កញ្ញា​ ​សំ​ ​ថា​រ័ត្ន ​​ មាន​ឈាមជ័រ​ជា​អ្នក​សិល្បៈ​តន្ត្រី​ ​ដោយមាន​ឪពុក​ជា​កវីនិពន្ធ​ ​និង​ជា​តន្ត្រី​ករ​កាន់​ឧបករណ៍​វី​យូ​ឡុង​ដ៏​ល្បីល្បាញ​នៅ​សម័យ​សង្គម​រាស្ត្រ​និយម ដោយ​បាន​និពន្ធ​បទ​ចម្រៀង​ជាច្រើន​សម្រាប់​អធិរាជ​ស​ម្លេ​ង​មាស​ ​ស៊ី​ន​ ​ស៊ី​សា​មុត​ ​ទៀត​ផង​ ​។​ ​កញ្ញា​បាន​ប្រាប់​ ​M​JQ​T​V​ ​ពី​ដំណើរ​ជីវិត​ចូល​មក​ក្នុង​គុនល្បុក្កតោ​ថា​ ​ឪពុក​របស់​កញ្ញា​ជា​មនុស្ស​មិន​ចូលចិត្ត​និយាយ​ស្តី​អ្វី​ច្រើន​នោះ​ទេ​ ​ដូចនេះ​កញ្ញា​មិន​ដឹង​ថា​ ​គាត់​គិត​អ្វី​ពី​ការ​ប្រឡូក​ក្នុង​វិ​ស័​យ​ក្បាច់​គុន​របស់​កញ្ញា​នោះ​ឡើយ​ ​ប៉ុន្តែ​ម្ដាយ​របស់​កញ្ញា​បាន​ស្តីបន្ទោស​ព្រោះថា​ ​កញ្ញា​ជា​ស្ត្រី​ ​ហើយ​ឪពុក​ជា​តន្ត្រី​ករ​ល្បីល្បាញ​ទៅ​ផង​ ​មិនគួរ​ណា​ទៅ​ហាត់ក្បាច់​គុន​ ​វាយ​ ​ទាត់​ ​ធាក់​យ៉ាងនេះ​ឡើយ​។​ ​កញ្ញា​បន្ត​ថា​ ​«​ខ្ញុំ​ឮ​អ៊ីចឹង​ខ្ញុំ​ពិបាកចិត្ត​ដែរ​ ​ហើយ​មាន​អារម្មណ៍​ថា​ ​ខ្លួនឯង​ធ្វើ​ឱ្យ​គាត់​ពិបាកចិត្ត​អ៊ីចឹង​ទៅណា​ស់ ​គិតថា​ ​ខ្លួនឯង​ហ្នឹង​អត់​បានការ​ហើយ​ចោលម្សៀត​ ​អត់​ចេះ​ចំណេះ​ដែល​ឪពុក​ខ្លួនឯង​មាន​ ​អត់​គិត​ខំ​ក្រេប​ ​ខំ​អី​ពី​គាត់​(​ឪពុក​)​ទេ​ ​។​»​ ​អ្វី​ទៅ​ដែល​ពង្រឹង​កម្លាំងចិត្ត​កញ្ញា​ឱ្យ​បន្ត​ហាត់​គុនល្បុក្កតោ​រហូតដល់​ល្បីល្បាញ​? បើ​ទោះ​ជា​មានការ​ស្តីបន្ទោស​ពី​ម្ដាយ​ថា​ ​ខ្លួន​ជា​ស្ត្រី​បែរជា​ទៅ​ហាត់​គុន​វាយ​ ​កាប់​ ​ចាក់​ទៅវិញ​នោះ​ ​ប៉ុន្តែ​កញ្ញា​មិនបាន​បោះបង់​ចោលការ​តាំងចិត្ត​ឡើយ​ ​ហើយ​កញ្ញា​នៅតែ​បន្ត​ហាត់​ដោយ​កញ្ញា​លើកឡើង​ថា​ ​«​ខ្ញុំ​គិតថា​ ​ការ​ស្រឡាញ់​ ​ចំណង់ចំណូលចិត្ត​ផ្សេងៗ​គ្នា​ ​ទោះបី​ឪពុក​ឬ​កូន​មាន​ឈាម​ដូចគ្នា​ក៏ដោយ​ ​នៅ​មានការ​គិត​ផ្សេងគ្នា​ដែរ​ ​អ៊ីចឹង​ខ្ញុំ​ក៏​លួង​ម៉ាក់​ខ្ញុំ​ ​ហើយ​ពន្យល់​ម៉ាក់​ខ្ញុំ​ថា​ ​ម៉ាក់​កូន​អត់​បាន​ធ្វើអ្វី​មិន​ល្អ​សម្រាប់​សង្គម​ទេ​ ​កូន​អត់​បាន​មាន​បញ្ហា​ធ្វើ​ឱ្យ​អ្នកណា​ឈឺចាប់​ ​ឬក៏​បំពាន​អ្នកណា​ទេ​ ​ហើយ​កូន​ក៏​អត់​បាន​ជ្រុះ​ឆ្ងាយ​ពី​គល់​ដែរ​ ​កូន​រាប់​បាន​ថា​ សិល្បៈ ​និង​កីឡា​គឺ​នៅ​ជាមួយគ្នា​ វិ​ស័​យក​ម្សាន្ត​និង​កីឡា​គឺ​នៅ​ជាមួយគ្នា​។​»​ ​បន្ទាប់ពី​ម្ដាយ​ ​និង​អ្នកដទៃ​ទៀត​ជុំវិញ​ខ្លួន​ ​បាន​យល់​ពី​អ្វី​ដែល​កញ្ញា​ ​សំ​ ​ថា​រ័ត្ន ​បាន​ធ្វើ​ ​អ្នក​ទាំងនោះ​បាន​ក្លាយ​ជា​កម្លាំងចិត្ត​ដ៏​សំខាន់​ជំរុញ​ឱ្យ​កញ្ញា​កាន់តែ​ខិតខំ​ហ្វឹកហាត់​។​ ​ជំនាញ​ ​និង​មុខរបរ​ដែល​បាន​ពី​ការហាត់​ល្បុក្កតោ​ ​ដោយ​កត្តា​អំណោយផល​ពី​ធម្មជាតិ​ ​និង​ការ​ខិតខំ​ហ្វឹកហាត់​ផង​នោះ​ ​កញ្ញា​ក៏​ត្រូវ​បាន​ម្ចាស់​ផលិតកម្ម​ផលិតភាព​យន្ត​ទាំង​ក្នុងស្រុក​ ​និង​ក្រៅ​ស្រុក​ជាច្រើន​ទាក់ទង​នាងដើម្បី​សម្ដែង​កុន​ទាក់ទង​នឹង​គុនល្បុក្កតោ​នេះ​ជាបន្តបន្ទាប់​ដូចជា​ ​រឿង​ ​«​មុនដំបូង​គេ​សម្លាប់​ប៉ា​របស់​ខ្ញុំ​»​ ​«​ ​រឿង​ការ​រស់​ឡើងវិញ​នៃ​ល្បុក្កតោ​»​ ​«​ ​រឿង​Jail​break​»​ ​និង​ ​«​ ​រឿង​Shotgun Wedding​»​ ​ជាដើម​ ​ព្រមទាំង​បាន​ឈ្នះ​ពាន់​រង្វាន់​តារា​ស្រី​ឆ្នើម​ពី​មហោស្រព​ថ្នាក់​ជាតិ​ឆ្នាំ​២​០​១​៨​ទៀត​ផង​។​ ​ក្រៅពី​តារា​សម្ដែង​កុន​បែប​វាយ​ ​តប់​ ​កញ្ញា​ ​សំ​ ​ថា​រ័ត្ន ​ក៏មាន​អាជីព​ផ្សេងទៀត​ដែល​អាច​និយាយ​ថា​​កើត​ចេញពី​ការហាត់​គុនល្បុក្កតោ​ផង​ដែរ​ ​គឺជា​មន្ត្រី​នគរបាល​ ​និង​ជា​កីឡាករ​ប្រដាល់​ផង​ដែរ​។ ​បើ​ទោះ​ជា​រវល់​ជាមួយ​កា​ងារ​យ៉ាងនេះ​ក្តី​ ​សំ​ ​ថា​រ័ត្ន ​អះអាង​ថា​ ​នាង​នៅតែ​បន្ត​ហាត់​គុនល្បុក្កតោ​ និង​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​ដូច្នេះ​ថា​ ​«​ទាន់​ខ្ញុំ​នៅ​មានកម្លាំង​ ​ទាន់​ខ្ញុំ​នៅ​មាន​វ័យ​ដែល​អាច​ធ្វើ​ទៅ​បាន​ ​ក្នុងនាម​ខ្ញុំ​ជា​អ្នក​ហាត់​ល្បុក្កតោ​មួយ​រួម​ដែរ​ ​នឹង​បន្ត​ស្រាក់ដៃគ្នា​ជាមួយ​សិស្ស​ច្បង​ ​សិស្ស​ប្អូន​ ​ក្មេង​ជំនាន់​ក្រោយ​ទាំងអស់​ ​នៅតែ​មាន​ឆ​ន្ទះ​រួមគ្នា​ធ្វើ​យ៉ាងម៉េច​ ​បន្ត​ការ​ផ្សព្វផ្សាយ​ល្បុ​ក​ក្ក​តោ​ហ្នឹង​ឱ្យ​រឹង​មាំ​ទោះបី​សព្វថ្ងៃនេះ​ចាប់ផ្ដើម​ល្បី​ក៏ដោយ​ ​ចាប់ផ្ដើម​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ក៏ដោយ​ ​ដែល​ជា​ជោគជ័យ​ធំបំផុត​របស់​កម្ពុជា​ ​ក៏​ពួក​ខ្ញុំ​នឹង​នៅតែ​រក្សា​ជំ​ហ​គោរពវិន័យ​ ​បន្ត​ផ្សព្វផ្សាយ​ប្រកបដោយ​ភាព​ត្រឹមត្រូវ​ ​និង​គុណភាព​»​៕ ​រូបភាព៖ Facebook កញ្ញា សំ ថារ័ត្ន  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង