ជនជាតិដើមភាគតិច បង្ហាញពិធីសែន ព្រេនស្រូវឡើងជង្រុក

 ជនជាតិដើមភាគតិចនៅ ស្រុកសេសានខេត្តស្ទឹងត្រែងបង្ហាញពិធីសែនព្រេន ហៅថា ស្រូវឡើងជង្រុកដើម្បីអភិរក្សប្រពៃណីរបស់ខ្លួន ទោះបីបច្ចុប្បន្នការរស់នៅរបស់ពួកគាត់ទំនៀមទម្លាប់មូយចំនួនត្រូវបានផ្លាស់ប្ដូរនិងកែប្រែខ្លះៗទៅហើយក៏ដោយ។ ក្នុងពិធីសែនព្រេនស្រូវឡើងជង្រុករបស់ជនជាតិព្រៅកាលពីថ្មីៗនេះ លោកទាង ប៊ុនណាតតំណាងឱ្យបងប្អូនជនជាតិដើមភាគតិចនៅភូមិការតូតបានបញ្ជាក់ថា៖ពិធីនេះរៀបចំធ្វើឡើងក្នុងពេលដែលប្រមូលផលស្រូវទុកដាក់រួចរាល់ ដើម្បីបញ្ជាក់នូវការដឹងគុណព្រះមេ (ស្រូវ)និងថែរក្សាទុកដាក់ឱ្យបានគង់វង្ស ក្រៅពីទុកពូជត្រូវទុកបរិភោគឱ្យបានគ្រប់គ្រាន់ ចៀសវាងខ្ជីខ្ជាធ្វើឱ្យខ្វះខាត ហើយទៅខ្ចីបុលអ្នកផ្សេង ដែលនាំឱ្យគ្រួសារមានកង្វល់ជំពាក់បំណុល និងត្រូវរកផលសងគេវិញនៅពេលក្រោយនោះ ។ លោកលើកឡើងថា៖ជាទម្លាប់បងប្អូនជនជាតិមិនធ្លាប់យកស្រូវទៅលក់ដូរទេ គឺទុកឱ្យកូនចៅបរិភោគនិងទុកពូជដាំដុះឱ្យបានគ្រប់គ្រាន់ និងនៅពេលបោកបែនហើយ នាំគ្នាធ្វើពិធីសែនព្រេនដល់ព្រលឹងស្រូវ ឱ្យកូនចៅថែរក្សាកុំខ្ជះខ្ជាយ។ (សំឡេង)៖ “យល់ពីដើមហ្នឹងបែនស្រូវហើយ ត្រូវសែនព្រេនអីឱ្យព្រលឹងស្រូវហ្នឹងវាគង់វង្សទៅ ដូចខ្មែរយើងថាទុកមិនដល់កុំខ្ជីខ្ជាទៅណា បានផលមកហើយ”។ លោកខាវ វិនតំណាងឱ្យបងប្អូនជនជាតិនៅភូមិការតូតនោះដែរ បានលើកឡើងថា៖ទម្លាប់ដែលបានធ្វើឡើងនេះមានបំណងឱ្យគ្រួសារអ្នកភូមិចេះថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួនផង និងឱ្យកូនចៅនាំគ្នាអភិរក្សប្រពៃណីដែលមានតាំងពីដើមតរៀងមកផង ។ លោកបន្តថា៖ដូនតានាំកូនចៅសែនព្រេនស្រូវឡើងជង្រុកចង់បង្ហាញពីភោគផលទទួលបាន និងបញ្ជូនគ្រឿងសំណែនចំណីអាហារ ភោគផលទៅលាមាត់លា.ក ដែលបានស្រក់កាលពីដើមឆ្នាំឱ្យបានទៅដល់អារក្សអ្នកតាភ្នំនៅតាមស្រែចម្ការ រួចហើយបានមកជួបជុំគ្នាសប្បាយក្នុងភូមិក្នុងមួយឆ្នាំម្ដង។ លោកវាន់វែងប្រធានគណៈកម្មការសហគមន៍ជនជាតិព្រៅបានលើកឡើងថា៖ការធ្វើបែបនេះក៏បង្ហាញឱ្យឃើញពីកត្តាសាមគ្គីភាពគ្នា នៅក្រោយពេលបញ្ចប់ការងារបង្កបង្កើនផល បងប្អូនជនជាតិមានឱកាសបានជួបជុំគ្នាផ្តល់ដំបូន្មានឱ្យគ្នាទៅវិញទៅមក ដើម្បីយកបទពិសោធន៍ទៅធ្វើបន្តនៅឆ្នាំក្រោយៗទៀត សម្រាប់ធ្វើការកែប្រែជីវភាពរស់នៅឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។ លោកមៀចអ៊ាងប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានទទួលស្គាល់ថា៖ការសែនព្រេនរបស់ពួកគាត់ក៏អាចផ្ទេរចំណេះដឹងឱ្យទៅកូនចៅជំនាន់ក្រោយៗអភិរក្សនូវប្រពៃណីកុំឱ្យបាត់បង់។ សូមបញ្ជាក់ថា៖ បច្ចុប្បន្នបងប្អូនជនជាតិដើមភាគតិចបន្តប្រកាន់ខ្ជាប់នូវប្រពៃណីនេះ ដោយបានប្រមូលផ្តុំគ្នាធ្វើពិធីសែនព្រេន ទៅតាមទម្លាប់ជារៀងរាល់ឆ្នាំ ដូចជា សែនប្រយុងស្រែពេលទៅធ្វើការងារស្រែចម្ការ សែនឡើងអ្នកតាភ្នំឱ្យជួយការពារផលដំណាំកុំឱ្យមានជំងឺឬសត្វស៊ីបំផ្លាញ សែនម្ចាស់ទឹកដីសុំឱ្យដំណាំបានភោគផលច្រើន សែនស្រូវឡើងជង្រុកទុកដាក់ឱ្យគង់វង្សនិងសែនដូនតាក្នុងភូមិសុំឱ្យកូនចៅមានសេចក្តីសុខចម្រើនជាដើម ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង