ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីបើកសម្ពោធជាផ្លូវការផ្សារ ម៉ាក្រូ សាខាទី ៣ ជ្រោយចង្វារ រាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២

១. សូមចូលរួមអបអរសាទរជាមួយនឹងក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា) ចំពោះការរីកចម្រើនលូតលាស់ជាលំដាប់ រហូតសម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាល គឺការបើកសម្ពោធសាខាទី៣ ជ្រោយចង្វារ ដែលនេះកើតចេញពីសមត្ថភាព, ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ប្រកបដោយស្មារតីបុរេសកម្ម, វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិក-និយោជិតទាំងអស់របស់ក្រុមហ៊ុន។ ក្រៅពីការសម្តែងឱ្យឃើញនូវការជឿទុកចិត្ត និងការរួមសុខរួមទុក្ខជាមួយប្រទេស និងប្រជាជនកម្ពុជា, ការរីកលូតលាស់នេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងសហគមន៍ ជាពិសេសបានផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនទៀតដល់មូលដ្ឋាន និងអាជីវកម្មពាក់ព័ន្ធ។ ជាក់ស្តែង ក្រុមហ៊ុនបានប្រើប្រាស់បុគ្គលិក-និយោជិតកម្ពុជា រហូតដល់ទៅ ៩៨% និងបានដាក់លក់ផលិតផលក្នុងស្រុករហូតដល់ទៅ ៩០%។ ការណ៍នេះ គឺជាការផ្តល់នូវឱកាសការងារ និងការលើកកម្ពស់សមត្ថភាពជំនាញដល់ប្រជាពលរដ្ឋ រួមទាំងប្រាក់ចំណូល និងជាការគាំទ្រដល់ដំណើរការអាជីវកម្ម ជាពិសេសការបើកឱកាសឱ្យផលិតករក្នុងស្រុកអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារ និងបន្តអភិវឌ្ឍខ្លួន។
២. នៅសល់ ១៥ថ្ងៃទៀត នឹងដល់គម្រប់ខួបទី ២៤ ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ។ ហើយតាមរយៈគោលនយោបាយឈ្នះ-ឈ្នះនេះ, ប្រជាជនកម្ពុជាទាំងមូល បានទទួល និងរីករាយជាមួយនឹងសុខសន្តិភាព-ស្ថិរភាពពេញលេញ។ រាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកការរក្សាសុខសន្តិភាព ដែលយើងខិតខំស្វែងរកបានដោយលំបាកនេះ ជាអាទិភាពចម្បងបំផុត និងជាបុរេលក្ខខណ្ឌដែលមិនអាចខ្វះបាន សម្រាប់កិច្ចអភិវឌ្ឍប្រទេសជាតិ។ តាមរយៈស្ថានភាពអំណោយផលនៃសុខសន្តិភាព ប្រជាពលរដ្ឋ ដែលជាវិនិយោគិន, ធុរជន, អាជីវករ និងពាណិជ្ជករទាំងក្នុងស្រុក និងក្រៅប្រទេស អាចផ្តោតការយកចិត្តទុកដាក់ចំពោះគម្រោង ឬសកម្មភាពវិនិយោគ, ធុរកិច្ច, អាជីវកម្ម និងពាណិជ្ជកម្មរបស់ខ្លួន ប្រកបដោយជំនឿទុកចិត្ត និងសុខុមាលភាពផ្លូវចិត្តនឹងនរដោយគ្មានការព្រួយបារម្ភ ។
៣. កត្តាសុខសន្តិភាព និងការបង្កើតបរិយាកាសគ្របដណ្តប់ងាយស្រួលសម្រាប់វិនិយោគ និងអាជីវកម្ម បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអំឡុងពេលប្រមាណ ២ ទសវត្សរ៍ កន្លងមកនេះ។ ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជា បានរីកចម្រើនយ៉ាងលឿនគួរឱ្យកត់សម្គាល់ ហើយកម្ពុជាក៏បានវិវត្តខ្លួនពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងបោះជំហានឆ្ពោះប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
៤. ការកសាង និងអភិវឌ្ឍគ្រួសារមួយ មិនមែនជាកិច្ចការសាមញ្ញ និងងាយស្រួលនោះទេ រីឯការកសាងសហគមន៍ និងប្រទេសមួយពីបាតដៃទទេ គឺរឹតតែពិបាក និងរមែងជួបប្រទះនូវបញ្ហាប្រឈម, ភាពរកាំរកូស និងការរអាក់រអួលខ្វះខាតមិនខានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ, ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី, កម្ពុជា បាន និងកំពុងស្ថិតនៅលើមាគ៌ានៃការអភិវឌ្ឍមួយដ៏ត្រឹមត្រូវ និងច្បាស់លាស់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ទូទាំងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការវិវឌ្ឍរីកចម្រើនយ៉ាងលឿនស្ទើរមិនគួរឱ្យជឿ ដែលប្រជាជនកម្ពុជា, ដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេសនានានៅលើសកលលោក អាចមើលឃើញជាក់ស្តែង និងបានកោតសរសើរគ្រប់ៗគ្នា។ ពិតណាស់ កម្ពុជាដែលធ្លាប់តែជាប្រទេសក្រីក្រ បានប្រែក្លាយខ្លួនយ៉ាងលឿនដល់ចំណុចមួយ ដែលមានទាំងឆន្ទៈ, ព្រលឹង, អត្តសញ្ញាណ, ការប្រឹងប្រែង, សមត្ថភាព និងធនធានគ្រប់គ្រាន់ប្រកបដោយភាពម្ចាស់ការក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសទាំងក្នុងពេលបច្ចុប្បន្ន និងសម្រាប់អនាគតដ៏វែងឆ្ងាយ ក៏ដូចជាការចូលរួមដោយស្មើសិទ្ធិ និងស្មើភាពជាមួយប្រទេសដទៃទៀតក្នុងកិច្ចការតំបន់ និង សកល។ ជាក់ស្តែង, នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ, កម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកបដោយភាពជោគជ័យ និងមោទកភាព ដោយមានការចូលរួមពីសំណាក់មេដឹកនាំនៃគ្រប់បណ្តាប្រទេសជាសមាជិកអាស៊ាន, ប្រទេសដៃគូ ព្រមទាំងប្រទេសមហាអំណាចធំៗ ជាច្រើន។ សម្រួលដោយ ទៀង បុណ្ណរី

 

 

 

អត្ថបទដែលជាប់ទាក់ទង