អគ្គនាយកអប្សរា៖ បេតិកភណ្ឌរបស់កម្ពុជាស្មើនឹងអណ្តូងប្រេងកាតមួយ ដែល បូមមិនចេះរីងស្ងួត !
អគ្គនាយកអាជ្ញាជរជាតិអប្សរា ឯកឧត្តមហង់ ពៅ បានលើកឡើងថា សម្បត្តិបេតិកភណ្ឌ ជាពិសេសប្រាសាទបុរាណរបស់យើង ដែលដូនតាបន្សល់ទុកឲ្យ វាមានតម្លៃមហាសាលស្មើនឹងអណ្តូងប្រេងកាតមួយដែលបូមមិនចេះរីងស្ងួត។ មានប្រសាសន៍បែបនេះ ទៅកាន់សិស្សានុសិស្ស ក្នុងក្រុងសៀមរាប និងមន្រ្ដីអាជ្ញាធរជាតិអប្សរាជិត ១ពាន់នាក់ ដែលមកចូលរួមធ្វើព្យុះហយាត្រា មុនពិធីបុណ្យរំលឹកគុណអង្គរ នាព្រឹកថ្ងៃទី១៣ ខែធ្នូនេះ ឯកឧត្តម ហង់ ពៅ បានលើកឡើងថា បេតិកភណ្ឌរបស់យើង ជាពិសេសប្រាង្គប្រាសាទរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយវាលើសពីអណ្តូងប្រេងកាត ដែលមានទៅទៀត ហើយវានឹងក្លាយជាអណ្តូងប្រេងមួយដែលបូមមិនចេះរីងស្ងួតនៅពេលដែលយើងចេះថែរក្សាការពារ។ ឯកឧត្តមបន្តថា នៅមុនពេលដែលមានវិបត្តិជំងឺកូវីដ-១៩ សម្បត្តិបេតិកភណ្ឌរបស់យើង អាចរកចំណូលបានប្រមាណជា ១៦ភាគរយនៃចំណូលសរុបរបស់ជាតិ។ ដូច្នេះនៅពេលអនាគតកំណើននៃប្រាក់ចំណូលនេះ អាចឲ្យពលរដ្ឋកម្ពុជាយើងរស់បានដោយស្រួល។ សូមជម្រាបថា ព្រឹត្ដិការណ៍រំលឹកគុណអង្គរធ្វើឡើងរយ:ពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ និងជាឆ្នាំទីពីរហើយ ដែលរៀបចំឡើងក្នុងគោលបំណង ដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជន ដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ។ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ព្យុះហយាត្រា ដែលមានមនុស្សចូលរួមជិតមួយពាន់នេះ ធ្វើឡើងជាលើកទី១ នៃពិធីបុណ្យរំលឹកគុណអង្គរ ហើយជាសារមួយបង្ហាញថា កូនខ្មែរគ្រប់រូបបានតបស្នងសងគុណដល់បុព្វបុរស ក៏ដូចជាអតីតព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាសាទអង្គរទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។ ប្រាសាទអង្គរជាបេតិកភណ្ឌរស់រវើកដែលមិនអាចកាត់ថ្លៃបាន។ឯកឧត្ដមបន្ថែមថា សម័យបច្ចេកវិទ្យាទំនើបនេះ ប្រទេសនៅលើពិភពលោក ក៏អាចចម្លង ឬកសាងប្រាសាទថ្មីធំៗបានដែរ ប៉ុន្ដែការសាង់ថ្មី គឺគ្មានតម្លៃ និងគ្មានន័យដូចប្រាសាទរបស់កម្ពុជាឡើយ ព្រោះប្រាសាទនេះមានអាយុកាលជាច្រើនពាន់ឆ្នាំមកហើយ ហើយក៏ជាដួងព្រឹលឹង និងអត្ដសញ្ញាណជាតិរបស់ខ្មែរ។ឯកឧត្ដមបន្ថែមទៀតថា ការបង្កើតបេតិកភណ្ឌនេះមិនមែនចេះតែកើតឡើងដោយចៃដន្យនោះទេ គឺបុព្វបុរសខ្មែរបានគិតគូរខ្ពស់បំផុតនូវអ្វីដែលមានប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។ ឯកឧត្ដមបន្ដថា វប្បធម៌ អរិយធម៌ដែលជាដួងព្រឹលឹងរបស់ខ្មែរមានច្រើនមហិមា មិនត្រឹមតែមានអាយុរាប់រយឆ្នាំ ឬរាប់ពាន់ឆ្នាំនោះទេ ដូចនេះ កូនខ្មែរគ្រប់រូបត្រូវដឹងគុណអង្គរ ដែលពាក្យមានន័យទូលំទូលាយបំផុត សម្រាប់មនុស្សជំនាន់ក្រោយត្រូវចូលរួមការអភិរក្ស និងអភិវឌ្ឍន៍ឱ្យបានគង់វង្ស៕ សម្រួលដោយ ទៀង បុណ្ណរី