ឯកអគ្គរាជទូតអូស្ត្រាលី តំណាងស្ត្រីនិងកុមារ បំពេញទស្សនកិច្ចនៅក្រុមហ៊ុន លីលី ខាមេដា សិក្សាស្វែងយល់អំពីកម្លាំងពលកម្មស្ត្រី
ភ្នំពេញ៖ លោកស្រី គ្រីស្ទាន ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា តំណាងស្ត្រី និងកុមារ បានដឹកនាំក្រុមការងារ ចុះទៅបំពេញទស្សនកិច្ចនៅក្រុមហ៊ុន លីលី ខាមេដា ដើម្បីសិក្សាស្វែងយល់ អំពីកម្លាំងពលកម្មស្ត្រីនៅក្នុងក្រុមហ៊ុន ដំណើរទស្សនកិច្ច ដែលបានធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោកស្រីឧកញ៉ា កែវ មុំ អភិបាល នៃក្រុមហ៊ុន លីលី ហ្វ៊ូដ អ៉ិនដាសទ្រី ខូលអិលធីឌី និងក្រុមការងាររបស់លោកស្រី លោកស្រី គ្រីស្ទាន និងក្រុមការងារ ក៏បានចូលទៅមើលសកម្មភាពការងារផ្ទាល់របស់កម្មករនិយោជិត ក៏ដូចជាដំណើរការផលិតកម្មផងដែរ។ លោកស្រី គ្រីស្ទាន មានបំណងសិក្សាពីចំនួនស្ត្រីនៅកម្ពុជា មានចំនួនប៉ុន្មាននាក់ ហើយការធ្វើការងាររបស់ស្ត្រីនៅក្នុងក្រុមហ៊ុននីមួយៗ គឺធ្វើអ្វីខ្លះ និងមានតួនាទីអ្វីខ្លះ ដើម្បីជាការលើកទឹកចិត្តដល់ស្ត្រី។ លោកស្រី កែវ មុំ បានឲ្យដឹងថា នៅក្នុងក្រុមហ៊ុន លីលី ខាមេដា និងក្រុមហ៊ុន លីលី ហ្វ៊ូដ អ៉ិនដាសទ្រី មានកម្មករនិយោជិតប្រមាណ ៥០០នាក់ ហើយស្ត្រីមានចំនួន ៤០ភាគរយ។ លោកស្រីបន្តថា ការងារសម្រាប់ស្ត្រី គឺជាការងារស្រាលៗ ដូចជាការងារវេចខ្ចប់ មកដល់ពេលនេះ ក្រុមហ៊ុន លីលី បាននាំចេញផលិតផលរបស់ខ្លួន បានជាង ១០ប្រទេសហើយ អូស្ត្រាលី និងញូវហ្ស៊ាលែនដ៍ កូរ៉េ អាមេរិក កាណាដា អ៉ីតាលី ថៃ វៀតណាម ឥណ្ឌូនេស៉ី ជាដើម បើតាមលោកស្រី កែវ មុំ ក្រុមហ៊ុនមានទស្សនវិស័យវែងឆ្ងាយ ហើយគ្រោងពង្រីកទីផ្សារឲ្យកាន់តែធំ ទាំងនៅក្នុងស្រុកនិងនៅក្រៅស្រុក៕ សម្រួលដោយ ទៀង បុណ្ណរី