កិច្ចប្រជុំគណៈកម្មាធិការជាតិសុខភាពសិក្សាលើកទី៣
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិសុខភាពសិក្សា បានជួបប្រជុំលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន គ.អ.ស.ស។ យោងផែនការសកម្មភាពជាតិ ស្ដីពីសុខភាពសិក្សា ២០២១-២០៣០ ដែលបានអនុម័ត និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការជាតិសុខភាពសិក្សា ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានដែលមានសមាជិកចូលរួមចំនួន ៩០នាក់ បានជួបប្រជុំនៅសាលប្រជុំជាន់ទី៧ នៃសណ្ឋាគារ អគារជា កោះពេជ្រ និងមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិចំនួន៥។
កិច្ចប្រជុំបានកំណត់ការប្រឹក្សាយោបល់លើសផែនការសកម្មភាពប្រតិបត្តិឆ្នាំ ២០២៣ ជារួមតាមយុទ្ធសាស្ត្រគោលទាំង៩នៃគោលនយោបាយជាតិ ស្ដីពីសុខភាពសិក្សា និងប្រសិទ្ធភាពនៃយន្តការរបាយការណ៍។ គ្រប់ចំណុចនៃកិច្ចពិភាក្សាត្រូវបានឯកភាព និងអនុម័តទទួលយកទៅប្រតិបត្តិតាមក្រសួង ស្ថាប័នសាមីរៀងខ្លួន។ ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងជាប្រធានអង្គប្រជុំ បានសំណូមពរដល់គ្រប់ក្រសួង ស្ថាប័ន ឱ្យពិនិត្យលទ្ធភាពអនុវត្តសកម្មភាពដូចបានកំណត់ក្នុងផែនការសកម្មភាពប្រចាំឆ្នាំ និងគាំទ្រដល់សំណើអភិវឌ្ឍកម្មវិធីសុខភាពសិក្សាតាមទម្រង់ឌីជីថល ព្រមទាំងបានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ជួយពិនិត្យលទ្ធភាពផ្ដល់ការគាំទ្រដល់កម្មវិធីសកម្មភាពសុខភាពសិក្សារបស់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលជួបការប្រឈម។
អង្គប្រជុំបានបញ្ចប់ ក្រោមបរិយាកាស និងស្មារតីទទួលខុសត្រូវ ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍសុខភាពសិក្សាដើម្បីភាពរឹងមាំរបស់ធនធានមនុស្ស៕ សម្រួលដោយ ទៀង បុណ្ណរី













