រដ្ឋបាលខេត្តសៀមរាប ផ្អាកការចេញចូលចំពោះពលរដ្ឋនៅសង្កាត់គោកចក ក្រុងសៀមរាប
TNM(ខេត្តសៀមរាប) ៖គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទចរាចរណ៍ចេញ-ចូល សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីវេលាម៉ោង ១៩:០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះតទៅ បន្ទាប់រកឃើញបុរសម្នាក់វិជ្ជមានកូវីដ-១៩ ដែលជាករណីទី២ក្នុងសហគមន៍២០កុម្ភៈ សម្រាប់ខេត្តទេសចរណ៍មួយនេះ។
តាមរដ្ឋបាលខេត្ត អ្នកជំងឺជាបុរសអាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ដែលបានប្រកបមុខរបរជាកម្មករបើករថយន្តដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបានវិលត្រឡប់មកខេត្តសៀមរាប កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានអំពាវនាវដល់អ្នកដែលបានជួបប្រាស្រ័យទាក់ទងនឹងបុគ្គល ខាងលើ ឬមានករណីសង្ស័យ ឬបានធ្វើដំណើរទៅកាន់ទីកន្លែងមួយចំនួនរួមមាន ពេទ្យ ចាវ ចាន់ នៅផ្សារភូមិភាគ៤ (ចាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១) ពេទ្យ ទូច កូ នៅខាងលិចផ្សារដើមក្រឡាញ់ (ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១) ពេទ្យ៧៧៧ នៅផ្លូវជាតិលេខ៦ ខាងលិចស្តុបទន្លេសាប (ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១) និងគ្លីនិកសុខភាព (ចាប់ពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១) ទៅយកសំណាក នៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ និងអ្នករស់នៅក្បែរមន្ទីរពេទ្យ៧៧៧ ទៅយកសំណាកនៅមន្ទីរពេទ្យ៧៧៧ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ រាល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៥២២ ៤២៧, ០៦៦ ៣៦៤ ៦៤៦ និង០៦៩ ៧៧៣ ២២៣។
ចំពោះការផ្អាកចរាចរណ៍ចេញ-ចូលបណ្តោះអាសន្ននេះ នឹងដំណើរការឡើងវិញ ក្រោយស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ មានសភាពធូស្រាល និងវិលមករកប្រក្រតីភាពឡើងវិញ ដោយរដ្ឋបាលខេត្តនឹងជូនដំណឹងនាពេលក្រោយ៕