កម្ពុជានឹងបង្កើនការបោសសំអាតមីនឱ្យខ្លាំងជាងមុន ដើម្បីធ្វើឲ្យសម្រេចគោលដៅឆ្នាំ២០២៥
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន និងកងកម្លាំងនានា បានដាក់ផែនការជាថ្មី ក្នុងការបង្កើនការបោសសំអាតមីន ឲ្យមានល្បឿនលឿនជាងមុន ដើម្បីធ្វើឲ្យសម្រេចបានគោលដៅកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ខាងមុខ ខណៈបច្ចុប្បន្នកម្ពុជានៅមានដីចម្ការមីនប្រមាណជាង ៧០០គីឡូម៉ែត្រក្រឡាទៀត ។ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីផែនការបោសសំអាតមីន គាំទ្រដោយមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា ពលរដ្ឋកម្ពុជាជាង ១លាន ១សែននាក់ រស់នៅតាមមូលដ្ឋាន កំពុងមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីកាកសំណលពីសង្គ្រាម ដែលបញ្ហានេះ គឺអាជ្ញាធរត្រូវតែបញ្ចប់នូវបញ្ហានេះ ដើម្បីសង្គ្រោះអាយុជីវិតរបស់ពលរដ្ឋ និងធ្វើឲ្យដីមានសុវត្ថិភាពហើយពួកគាត់អាចប្រើប្រាស់បានដោយគ្មានការព្រួយបារម្ភ ។ឯកឧត្តម បានបន្តថា ដើម្បីធ្វើឲ្យសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ អាជ្ញាធរមីន និងភាគីពាក់ព័ន្ធ បានដាក់ផែនការពង្រឹងការងារបោសសំអាតមីន ឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ មានល្បឿនលឿនជាងមុន ដែលបញ្ហានេះសូមឲ្យប្រតិបត្តិករទាំងអស់ លើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន និងពន្លឿនល្បឿនជាងមុន ធ្វើយ៉ាងណាក្នុងមួយឆ្នាំឲ្យបានជាង២០០ ទៅ៣០០គីឡូម៉ែត្រក្រឡា ទើបអាចទទួលបានជោគជ័យ ។ឯកឧត្តម លី ធុជ បានបន្ថែមថា ក្រៅពីនេះអ្នកពាក់ព័ន្ធ បានអំពាវនាវដល់ដល់ប្រតិបត្តិករទាំងអស់ ត្រូវលើកកម្ពស់សុខសុវត្ថិភាព និងកុំឲ្យមានគ្រោះថ្នាក់ដោយសារការងារបោសសំអាតមីន, អាជ្ញាធរមីន និងកងកម្លាំងទាំងអស់ បន្តធ្វើការជាមួយគ្នា ដើម្បីបំពេញបែបបទនីតិវិធីដែលមានស្រាប់ ធ្វើឲ្យមានប្រសិទ្ធភាពនៃការងារ ហើយជំរុញឲ្យភាគីទាំងអស់ ត្រូវធ្វើទិន្នន័យ ពីវឌ្ឍនភាពនៃការងារបោសសំអាតមីន និងលើកផែនការឲ្យបានជាក់លាក់ ។ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តទៀតថា ការអនុវត្តគម្រោងសម្ដេចតេជោ សម្រាប់សកម្មភាព ក្នុងដំណាក់កាលទី១ ដែលអនុវត្តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានបោសសំអាតមីនជាង ៩១គីឡូម៉ែត្រក្រឡា អនុវត្តនៅលើខេត្តមួយចំនួន មានខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង តាកែវ ស្វាយរៀង ខេត្តកំពត និងតំបន់ខ្លះនៃខេត្តកំពង់ស្ពឺ ខណៈនៅចុងឆ្នាំនេះ គ្រោងនឹងប្រកាសខេត្តមួយចំនួនក្នុងចំណោមនេះ ជាខេត្តគ្មានមីនផងដែរ ។គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្កើត មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២២ ហើយសម្ដេចបានបញ្ចេញនូវថវិកាប្រមាណ ៣០លានដុល្លារ ចូលរួមក្នុងមូលនិធិនេះ ហើយអំពាវនាវប្រជាពលរដ្ឋ សប្បុរសជន និងប្រទេសដៃគូនានា បន្តចូលរួមក្នុងការងារបោសសំអាតមីននេះ ដើម្បីឲ្យសម្រេចបានតាមគោលដៅ ៕សម្រួលដោយ ទៀង បុណ្ណរី