ឃាត់ខ្លួនអ្នកជួលដីពីលោក ពោច សួរ ក្រោយល្បីរឿងបើកបនល្បែងនៅទីនោះ គឺហាក់ដូចជាស៊ីបាយលាបមាត់ពពែ!
កណ្ដាល៖ មានភាពមិនប្រក្រតីមួយរវាងកិច្ចសន្យាឈប់បើកល្បែង និងលិខិតជួលដីកន្លែងបើកល្បែង នៅស្រុកខ្សាច់កណ្ដាល។ ដោយសង្ស័័យម្ចាស់ដី ធ្វើលិខិតក្លែងដើម្បីដោះខ្លួន រួចទម្លាក់កំហុសឱ្យអ្នកផ្សេងទទួលទោសជំនួសរូបគាត់ ក្រោមហេតុផលជួលដី.!។ ជុំវិញករណីនេះ សមត្ថកិច្ចប៉ូលិសស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅព្រលប់ទី០៤.១២.២០២២ ម្សិលមិញ!។ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈពេលហៅមកបំភ្លឺ ពាក់ព័ន្ធការផ្ដល់ទីតាំងសម្រាប់”បនល្បែង”។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ឈឿន សារុំ ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ក្នុងនោះ សមត្ថកិច្ចដកហូតបានវត្ថុតាង មួយចំនួនផងដែរ.!។ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មាន រាយការណ៍ទៅលោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាល នឹង«ដើមរាំង» ផ្សព្វផ្សាយ ករណីបើក”បនល្បែង”ដដែលៗ នៅលើដីឡូត៍របស់លោក ពោច សួរ ដែលធ្លាប់ធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព.!។ សូមជម្រាបថាៈ ទីតាំង”បនល្បែង”មួយនេះ ស្ថិតនៅក្នុងដីឡូត៍របស់លោក ពោច សួរ ក្បែរផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។លោក ពោច សួរ អាយុ៤៥ឆ្នាំ បច្ចុប្បន្នៈនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ គេមិនដឹងថាៈ ការបើកអាជីវកម្មល្បែងស៊ីសងខុសច្បាប់មួយនេះ មានភ្លើងខៀវពីអាជ្ញាធរ ឬក៏ម្ចាស់ទីតាំង លួចបើក ដោយខ្លួនឯងនោះទេ.?។ ដោយជាក់ស្ដែងៈ នៅរសៀលថ្ងៃទី០៤.១២.២០២២ មានក្រុមអ្នកញៀនល្បែងរាប់សិបនាក់ បានប្រមូលផ្ដុំគ្នាលេង បញ្ជល់មាន់ភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុត!។ក្នុងនោះពេលអ្នកសារព័ត៌មានរាយការណ៍ទៅលោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាល ស្រាប់តែគេឃើញ ។មន្ត្រីប៉ូលិសចំនួន២ទៅ៣នាក់ ចុះទៅបង្អើលនៅទីតាំងល្បែងត្រង់ចំណុចខាងលើ បណ្ដាលឱ្យ ក្រុមអ្នកញៀនល្បែង រត់ចែកជើងគ្នា។ដោយបន្សល់ទុក មាន់ជល់ងាប់១ក្បាល និងរស់១ក្បាល សម្រាប់ឱ្យសមត្ថកិច្ច យកមកធ្វើកំណត់ហេតុ.!។ លុះព្រលប់ថ្ងៃដដែល”ផ្អែកតាមកិច្ចសន្យាជួលដី រវាងលោក ពោច សួរ និងឈ្មោះ ឈឿន សារុំ រួមនិងឈ្មោះ ពោច ឈុននី ភេទស្រី”។ទើបសមត្ថកិច្ចហៅឈ្មោះ ឈឿន សារុំ មកសួរនាំធ្វើកំណត់ហេតុ និងឈានដល់ឃាត់ខ្លួនឈ្មោះ ឈឿន សារុំ តែម្ដងទៅ។ ជុំវិញការឃាត់ខ្លួនឈ្មោះ ឈឿន សារុំ នេះដែរ ត្រូវបានគេមើលឃើញថាៈ លោក ពោច សួរ ហាក់កំពុងរៀបចំផែនការសម្ដែងល្ខោន កុហក់សមត្ថកិច្ច ដើម្បីដោះខ្លួន ដោយយកអ្នកផ្សេងមកទទួលកំហុសជំនួសរូបលោក! ។ ព្រោះលោក ពោច សួរ ធ្លាប់មានកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព បើកល្បែង កាលពី ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។ដោយនៅថ្ងៃទី០៤.១២.២០២២ ខណៈ«ដើមរាំង»ផ្សព្វផ្សាយពាក់ព័ន្ធ”បនល្បែង”នៅក្នុងដីឡូត៍របស់លោក ពោច សួរ បែរជាមានការអះអាង និងបង្ហាញលិខិតជួលដីរវាងលោក ពោច សួរ និងឈ្មោះ ឈឿន សារុំ រួមនិងឈ្មោះ ពោច ឈុននី ភេទស្រី តាំងពី ខែមករា ឆ្នាំ២០២២ ទៅវិញ?។ខណៈដែរលោក ពោច សួរ ធ្លាប់ធ្វើកិច្ចសន្យាជាមួយប៉ូលិស ឱ្យឈប់បើកល្បែង នៅខែកុម្ភៈ ឆ្នាំ២០២២ សោះហ្នឹង?។ ពោលគឺៈកំណត់ហេតុ កិច្ចសន្យាជាមួយប៉ូលិស នៅខែកុម្ភៈ ឆ្នាំ២០២២ ទាំងដែលលោក ពោច សួរ ជួលដីឱ្យឈ្មោះ ឈឿន សារុំ តាំងពី ខែមករា ឆ្នាំ២០២២ មុនកិច្ចសន្យា១ខែ!។ សកម្មភាពនេះ សបញ្ជាក់ឱ្យឃើញថាៈនគរបាលស្រុកខ្សាច់កណ្ដាល ឱ្យលោក ពោច សួរ ធ្វើកិច្ចសន្យាឈប់បើកល្បែង កាលពី ខែកុម្ភៈ ឆ្នាំ២០២២ ជារឿងមិនត្រឹមត្រូវខុសនីតិវិធី..!។ ប៉ុន្តែទោះជាយ៉ាងណាក្ដី នៅព្រឹកទី០៥.១២.២០២២លោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាល បានបដិសេធមិនបកស្រាយឡើយដោយដេញឱ្យទៅសួរលោក អ៊ុន យ៉ុង អធិការរងស្រុក។ រីឯលោក អ៊ុន យ៉ុង អធិការរងស្រុកខ្សាច់កណ្ដាល បានថ្លែងថាៈជនសង្ស័យដែលឃាត់ខ្លួន គឺត្រូវបញ្ជូនទៅតុលាការ។ -ចំពោះសំនួររឿងភាពមិនប្រក្រតី រវាងលិខិតជួលដី និងកិច្ចសន្យាបញ្ឈប់ល្បែង?។-លោក អ៊ុន យ៉ុង ឆ្លើយថាៈ ខ្ញុំធ្វើការតាមតែលិខិត ដែលមានមេឃុំស៊ីញេ!។ លោកអធិការរងបន្តថាៈ បើថ្ងៃក្រោយតុលាការ រកឃើញភាព មិនប្រក្រតី នៃលិខិតនោះ អញ្ចឹងជា ឆន្ទានុសិទ្ធរបស់តុលាការ។ ជាក់ស្ដែងៈលោក ឆាយ សេន មេឃុំព្រែកតាមាក់ បានបញ្ជាក់ប្រាប់«ដើមរាំង»នៅព្រឹកទី០៥.១២.២០២២ថាៈ«លិខិតជួលដីរវាងលោក ពោច សួរ នឹងឈ្មោះ ឈឿន សារុំ រួមនិងឈ្មោះ ពោច ឈុននី ភេទស្រី ។គឺទើបនឹងធ្វើ នៅថ្ងៃទី០៤.១២.២០២២ម្សិលមិញទេ។ព្រោះលោកជាអ្នកចុះហត្ថលេខា នៅថ្ងៃទី០៤.១២.២០២២ផ្ទាល់តែម្ដង»។ការលើកឡើងពីសំណាក់លោកមេឃុំ សបញ្ជាក់ឱ្យឃើញថាៈ លោក ពោច សួរ កំពុងរៀបចំឆាកល្ខោន យកបាយលាបមាត់ពពែ ឱ្យអ្នកផ្សេងរងគ្រោះជំនួសខ្លួន រួចទើបរត់ការដោះតាមក្រោយ៕ សម្រួលដោយ ទៀង បុណ្ណរី