អគារពេទ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាជំនួយរបស់ជប៉ុន សាងសង់បាន២៨ភាគរយហើយ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃចន្ទ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះពិនិត្យមើលអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលជំងឺ និងដំណើរការសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាជំនួយរបស់ប្រទេសជប៉ុន។ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ខេត្តសៀមរាបជាខេត្តមួយដែលប្រមូលផ្ដុំប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសជាច្រើន ។ ដូចនេះជំនួយឧបត្ថមរបស់ប្រទេសជប៉ុនក្នុងការសាងសង់អគារមន្ទីរពេទ្យ និងការបំពាក់បរិក្ខារពេទ្យទំនើបៗ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រីកសេវាឱ្យកាន់តែល្អប្រសើរ ។ មកទល់ពេលនេះវឌ្ឍនភាព នៃការសាងសង់អាគារនេះ គឺសម្រេចបាន ២៨ភាគរយហើយ បើតាមផែនការអគារមួយខ្នងនេះនឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២៣។​ ឯកឧត្តមបន្តថា ការពង្រីកអគារនេះ គឺស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាគោលដៅរបស់រដ្ឋាភិបាល ធ្វើឱ្យការផ្តល់សេវាសុខាភិបាលនៅក្នុងតំបន់ ឱ្យកាន់តែល្អប្រសើរ មានទំនើបកម្មនៃសេវាសុខាភិបាល ។ នៅពេលអគារនេះសាងសង់រួចរាល់ នឹងបំពាក់បរិក្ខារពេទ្យទំនើបៗរួចរាល់នៅឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់។សូមបញ្ជាក់ថា ដោយសារមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) នៃប្រទេសជប៉ុន បានផ្តល់ជំនួយឧបត្ថមទឹកប្រាក់ជាង ១៩លានដុល្លាអាម៉េរិក សម្រាប់សាងសង់នូវអគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មួយខ្នងមានផ្ទៃក្រឡាសំណង់ទំហំ ៧ ២៦០ម៉ែត្រក្រឡាកម្ពស់៤ជាន់ ប្រវែង៦៩ម៉ែត្រ គុណនឹង ២៥ម៉ែត្រ ដែលបានដំណើរការសាងសង់ចាប់ពីខែធ្នូ ឆ្នាំ២០២១មក ហើយអគារនេះប្រើប្រាស់សម្រាប់សេវាឯកទេសវះកាត់ សេវាសង្រ្គោះបន្ទាន់ និងសេវាពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង