អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទាំងពីរគណៈ បានយាងចុះសួរសុខទុក្ខ និងពាំនាំយកនូវព្រះអំណោយដ៏ថ្លៃថ្លាចែកជូនដល់សិស្សានុសិស្សនៅស្រុកសង្កែ ខេត្តបាត់ដំបង
នៅវេលាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទាំងពីរគណៈ អមដំណើរដោយឯកឧត្តម វុធ ស៊ែ ឯកឧត្តមលី រដ្ឋា ឯកឧត្តម ស៊ុង ប៊ុនថុង ឯកឧត្ដម ជួប រ៉ាឌូ ឯកឧត្ដម ឃ្លៃឃ្លី និងសហការី បានចុះសាកសួរសុខទុក្ខ និងពាំនាំយកនូវព្រះអំណោយដ៏ថ្លៃថ្លាជាសម្ភារៈសិក្សា ចែកជូនដល់សិស្សានុសិស្សចំនួន៣៦០នាក់នៅក្នុងបរិវេណ សាលាបឋមសិក្សាអូរស្រឡៅ ឃុំវត្តតាម៉ឹម ស្រុកសង្កែ ខេត្តបាត់ដំបង ស្ថិតក្នុងឱកាសប្រកបដោយក្តីអំណរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែនសព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមាន អជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជានុរាស្ត្រក្មេងចាស់ប្រុសស្រីបានរួមសាមគ្គីទទួលស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុត ហើយ បានសំណេះណាលសាកសួរសុខទុក្ខបងប្អូនប្រជានុរាស្ត្រនៅក្នុងតំបន់នោះប្រកបដោយសេចក្តីស្និទ្ធិស្នាល និងស្នាមញញឹមព្រះអំណោយអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និង ឯកឧត្ដមទីប្រឹក្សានាំយកមកចែកជូនដល់សិស្សបឋមចំនួន៣៦០នាក់នាថ្ងៃនេះគឺ ដើម្បីជាការឆ្លើយតប តាមការសំណូមពររបស់ព្រះបាឡាត់គណខេត្តបាត់ដំបង គណៈធម្មយុត្តិកនិកាយ និងលោកស្រីនាយកសាលាអូស្រឡៅ
ដោយក្នុងនោះមានការប្រគល់រង្វាន់ និងប័ណ្ណសសើរទុកជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី និងជាធនធានដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិទៅថ្ងៃអនាគតព្រះអំណោយដែលត្រូវចែកជូនដល់សិស្សានុសិស្សរួមមានសិស្សពូកែ៦០នាក់ក្នុងម្នាក់ៗទទួលបានសៀវភៅ១០ក្បាល បន្ទាត់១ដើម ប៊ិច៣ដើម និងថវិកា ២ម៉ឺនរៀលចំណែកសិស្ស៣០០នាក់ផ្សេងទៀតក្នុងម្នាក់ៗទទួលបានសៀវភៅ០៥ក្បាល ប៊ិច២ដើម ខ្មៅដៃ២ដើម និងថវិកា ១ម៉ឺនរៀល ព្រមទាំងជូនថវិកាដល់លោកគ្រូអ្នកគ្រូចំនួន៨០ម៉ឺនរៀលផងដែរទាំងព្រះបាឡាត់គណខេត្តបាត់ដំបង អជ្ងាធរមូលដ្ឋានលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជានុរាស្ត្រក្មេងចាស់ប្រុសស្រីមានសេចក្តីត្រេកអរយ៉ាងពន់ពេកចំពោះវត្តមាន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងឯកឧត្តម ទីប្រឹក្សា ដែលជាសហការី បានយាង និងអញ្ចើញមកដល់មូលដ្ឋានប្រជានុរាស្ត្រដោយផ្ទាល់ និងសូមថ្លែង អំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យ អាណិតស្រលាញ់ប្រជានុរាស្ត្ររបស់ព្រះអង្គ ហើយសូមថ្វាយព្រះពរ សូមអ្នកអង្គម្ចាស់មានព្រះសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ បន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជានុរាស្រ្តខ្វះខាត និងតាមសាលារៀនផ្សេងៗបន្ថែមទៀត។ ជាទីបញ្ចប់ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន សូមផ្តាំផ្ញើដល់ ប្អូនៗកូនក្មួយសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រស្តាប់បង្គាប់លោកគ្រូអ្នកគ្រូធ្វើជាមនុស្សល្អ និងប្រែក្លាយខ្លួនអោយទៅជាពលរដ្ឋគំរូនាថ្ងៃអនាគតដើម្បីយកចំនេះវិជ្ជាមកចូលរួមចំណែកអភិវឌ្ឍន៍កសាងសង្គមជាតិខ្មែរអោយរីកចម្រើនរុងរឿងឋិតថេរជានិច្ចនិរន្តរ៍តរៀងទៅ៕សម្រួលដោយ ទៀង បុណ្ណរី