ក្រុមចោរលួចកាត់ខ្សែភ្លើង នៅពេលយប់បន្តសកម្មភាពលួចដដែល ពលរដ្ឋនៅខេត្តស្ទឹងត្រែងកំពុងព្រួយបារម្ភ
ខេត្តសឹ្ទងត្រែងៈ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ពលរដ្ឋរស់នៅក្នុងខេត្តស្ទឹងត្រែងកំពុងរងការព្រួយបារម្ភណ៍អំពីបញ្ហាក្រុមចោរលួចកាត់ខ្សែភ្លើងនៅពេលយប់ៗនៅបន្តធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងដដែល ទោះបីមានការបង្ក្រាបពីសមត្ថកិច្ច នាពេលកន្លងមកក៏ដោយ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ នៅចំណុចគីឡូម៉ែត្រលេខ០៩ នៅជាប់និងផ្លូវជាតិលេខ០៧ អាស៊ានហាយវ៉េកម្ពុជា-ឡាវ ស្ថិតនៅក្បែរផ្ទះអំណោយរបស់រាជរដ្ឋាភិបាលដែលចែកឱ្យយោធាសោធននិវត្តន៍៥២ខ្នង ផ្លូវចូលទៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងសឹ្ទងត្រែង ខេត្តសឹ្ទងត្រែង ។
តាមការៀបរាប់លើកឡើងពីអ្នកស្រីឈ្មោះ គន្ធា ដែលជាប្រជាពលរដ្ឋរស់នៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងសឹ្ទងត្រែង បានប្រាប់ឲ្យដឹងថា ក្រុមចោលួចកាត់ខ្សែភ្លើងនេះ បានលួចកាត់ជាលើកទី០៣ហើយ។ នៅក្នុងអំឡុងឆ្នាំ២០២១ ក្រុមចោរបានលួចកាត់អស់ចំនួន០៣ផ្ទះ ស្មើនិង០៦ដុំ ជាប្រភេទខ្សែស ខាងក្នុងស្រោបស្ពន2×6 ក្នុងមួយដុំប្រវែង៨០ម៉ែត្រមានតម្លៃ៤០ម៉ឺនរៀល។ ឯខ្សែភ្លើងសខាងក្នុងស្រោបស្ពន2×10 ប្រវែង៨០ម៉ែត្រ ក្នុងមួយដុំមានតម្លៃ៥២ម៉ឺនរៀល ។
អ្នកស្រីគន្ធា បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី៩ ខែកក្តដា ឆ្នាំ ២០២២ ក្រុមចោបានលួចកាត់ខ្សែភ្លើងអស់ចំនួន០២ផ្ទះទៀត ស្មើនិង០៤ដុំ ។ ជាប្រភេទខ្សែស 2×6 ប្រវែង៨០ម៉ែត្រ ក្នុងមួយដុំ មានតម្លៃ៤០រៀល នេះជាលើកទី២ ។
អ្នកស្រីរូបនេះបានបញ្ជាក់បន្ថែមទៀតថា រហូតមកដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ត្រូវបានក្រុមចោរចូលមកលួចកាត់ខ្សែភ្លើងម្តងទៀត នេះជាលើកទី០៣ហើយ អស់ចំនួន០៣ផ្ទះទៀត។ តែចុងក្រោយនេះមិនបានសម្រេចទេ ដោយសារពេលដាច់ភ្លើងភ្លាមនោះ ក៏បាននាំគ្នាជិះម៉ូតូទៅដល់កន្លែងបង្គោលខ្សែភ្លើង ភ្លាមៗនោះ ក៏ស្រាប់តែក្រុមចោរបានលោតផ្លោះរបងរត់គេចខ្លួនបាត់អស់។ បន្សល់ទុកនៅតែខ្សែភ្លើងរប៉ាត់រប៉ាយនៅតាមដីនៅទីនោះ បន្ទាប់មកក៏បានរាយការណ៍ប្រាប់មេប៉ុស្តិ៍រដ្ឋបាលសង្កាត់សាមគ្គី និងប្រជាការពារភូមិដោយបានចុះមកជួយអន្តរាគមន៍ទាំងយប់។
ប៉ុន្តែគួរឱ្យស្តាយចាប់ចោរមិនបាន ហើយ ពេលទាក់ទងទៅខាងមន្រ្តីអគ្គិសនី សុំឱ្យជួយតខ្សែភ្លើងឡើងវិញ បែរជានិយាយថា ទៅរកជាងភ្លើងឯកជនតទៅ, ខាងមន្រ្តីអគ្គិសនីជាប់រវល់ហើយ មិនទៅតឱ្យទេ។ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកានេះ ក៏បានទាកទងទៅខាងជាងភ្លើងឯកជន គេក៏បានចុះមកតឲ្យ តែក្នុងមួយបង្គោលប្រវែង៨០ម៉ែត្រ គេទាថ្លៃត ក្នុងតម្លៃ១២ម៉ឺនរៀល។ ហើយឲ្យជួយរកកម្លាំងមនុស្ស៤ទៅ៥នាក់ទៀត ដើម្បីជួយអូសទាញខ្សែភ្លើងតឡើងវិញ។
លោក អ៊ុង សុភ័ក្រ មេប៉ុស្តិ៍រដ្ឋបាលសង្កាត់សាមគ្គី ក្រុងសឹ្ទងត្រែ ង បានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកានេះ ឱ្យដឹងថថា ករណីក្រុមចោរលួចកាត់ខ្សែភ្លើងខាងលើនោះ មិនមែនលួចកាត់ខ្សែភ្លើង នៅក្នុងភូមិខាំផាន់នេះតែមួយទេ។ គឺក្រុមចោរ ទាំងនោះ វាដើរលួចកាត់ខ្សែភ្លើងស្ទើរតែគ្រប់ទីកន្លែង នៅក្នុងខេត្តស្ទឹងត្រែង ទាំងមូលហើយ ។
លោកមេប៉ុស្តិ៍បានបញ្ជាក់ថា ក្រុមចោរដែលធ្វើសកម្មភាព ខាងលួចសម្ភារផ្សេងៗដូចជាលួចកាត់ខ្សែភ្លើង និងម៉ាស៊ីនបូមទឹកថ្មីៗនេះ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត ក្រុង ស្រុក បានសហការណ៍គ្នាចុះ ស្រាវជ្រាវ ហើយក៏ឈានធ្វើការឲចាប់ខ្លួនបានចំនួន០៣នាក់រួចមកហើយ នៅក្នុងខែវិច្ឆិកានេះ ដោយបានបញ្ជូនទៅឃុំខ្លួននៅពន្ធធានាគាខេត្តសឹ្ទងត្រែងផងដែរ ។ លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់សាមគ្គីបានបន្តទៀតថា ក្រុមចោរដែលលួចកាត់ខ្សែភ្លើងនៅចំណុចគីឡូម៉ែត្រលេខ០៩ ជាប់និងផ្លូវជាតិលេខ០៧ អាស៊ានហាយវ៉េកម្ពុជា-ឡាវ ។ ដែលនៅក្បែរផ្ទះអំណោយរបស់រាជរដ្ឋាភិបាលដែលបាមចែកអោយយោធាសោធននិវត្តន៍ចំនួន៥២ខ្នង” ជាប់និងផ្លូវចូលទៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងសឹ្ទងត្រែង ខេត្តសឹ្ទងត្រែង លួចកាត់ខ្សែភ្លើងខាងលើនេះ លោកបានធ្វើការកំណត់មុខសញ្ញាក្រុមបក្ខពួកចោរទាំងនោះហើយ ៕
(ដោយសហការី tnm ស្ទឹងត្រែង) សម្រួលដោយ ទៀង បុណ្ណរី