ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញក្នុងពិធីដាក់កូរ៉ោនផ្កា គោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និង ថ្វាយកូរ៉ោនផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរូប ព្រះបរមរតនកោដ្ឋ

ឯកឧត្តមបណ្ឌិត សាយសំផន ភូមិវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីឯកឧត្តមនិងគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី ៤៣ ។ នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត សាយសំផន ភូមិវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អមដំណើរដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន បានដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កូរ៉ោនផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ក្នុងនោះក៏មានការអមដំណើរ និងទទួលវន្ទនកិច្ចពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការស្ដីទី យោធភូមិភាគពិសេស ។ សូមបញ្ជាក់ជូនថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជា កង្វល់រួម។ តមក ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញទៅមណ្ឌបវិមានព្រះបរមរូប ព្រះបរមរតនកោដ្ឋ ដើម្បីគោរពនិងថ្វាយកូរ៉ោនផ្កា ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការរៀបចំទទួលវន្ទនកិច្ច និងអមដំណើរពី ឯកឧត្តម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំងព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម បណ្ឌិតប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបញ្ជាក់ច្បាស់អំពីការប្ដេជ្ញាចិត្តយ៉ាងមុះមុតរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់ និងពង្រឹងនូវទំនាក់ទំនងល្អប្រពៃណីល្អដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ឡាវ ទាំងក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគីសម្រាប់ប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ។ សូមជម្រាបជូនថាដំណើរទស្សនកិច្ចរបស់ ឯកឧត្តម បណ្ឌិត សាយសំផន ភូមិវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺបន្ទាប់ពីឯកឧត្តមបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតអន្តរសព្វាអាស៊ាន AIPA លើកទី ៤៣ ដែលកម្ពុជាជាប្រធាន៕

អត្ថបទដែលជាប់ទាក់ទង