អភិបាលខេត្តបន្ទាយមានជ័យ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមខ្មែរ-ចិន ស្រុកមង្គលបូរី គ្រប់អាណត្តិ

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់របស់សមាគមខ្មែរ ចិនស្រុកមង្គលបូរី គ្រប់អាណត្តិ ដែលបានធ្វើឱ្យសមាគមមាននិរន្តរភាពការងារ និងសម្រេច បានលទ្ធផលគួរជាទីមោទននោះ។ ការថ្លែងបែបនេះរបស់ឯកឧត្តម អ៊ុំ រាត្រី បានធ្វើឡើងនៅក្នុងពិធីប្រកាសទទួលស្គាល់សមាគមខ្មែរ-ចិន អាណត្តិទី៦ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២២នេះ នៅសាលារៀនចិនចុងវ៉ា ស្រុកមង្គលបូរី ។ នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ ចំពោះ លោក ចៅ គិមហាន ប្រធានទ្រទ្រង់សាលារៀនចិន ចុងវ៉ា ស្រុកមង្គលបូរី ដែលរស់នៅប្រទេសបារាំង ព្រមទាំងសប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេស ដែលបាន ជួយឧបត្ថម្ភគាំទ្រដល់សមាគមឱ្យបានដំណើរការតាំងពីដើមរៀងមកដល់បច្ចុប្បន្ននេះ និង ធ្វើឱ្យសាលារៀនចិនចុងវ៉ា អាចមានលទ្ធភាពបង្រៀនសិស្សានុសិស្សទាំងភាសាខ្មែរ ចិន អង់គ្លេស ប្រមាណជិត៧០០នាក់ នាពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា នេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សដែលជាវិស័យអាទិភាពក្នុងយុទ្ធសាស្ត្រ ចតុកោណ។ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ សង្ឃឹមថា ប្រធានសមាគម អនុប្រធានសមាជិកទាំងអស់នៃអាណត្តិទី៦ថ្មីនេះ នឹងបន្តខិតខំកសាងសមិទ្ធផលថ្មីបន្ថែមទៀត រួមសាមគ្គីគ្នាដឹកនាំសមាគមឱ្យមាននិរន្តភាព និងសម្រេចបានជោគជ័យតាមផែនការ សកម្មភាព និងលក្ខន្តិកៈការងាររបស់សមាគម។ លោក អ៊ឹង វណ្ណម៉ៅ ប្រធានសមាគមខ្មែរចិន ស្រុកមង្គលបូរី អាណត្តិទី៦ថ្មី មានមតិប្តេជ្ញាចិត្ត បន្តខិតខំរួមជាមួយអនុប្រធាន និងសមាជិក សមាជិកាទាំង២៩រូប ដើម្បីដឹកនាំសមាគមឱ្យកាន់តែមានការរីកចម្រើន និងមាននិរន្តរភាពទៅមុខប្រកបដោយប្រសិទ្ធភាពថែមទៀត៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង