ក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋកុំបន្តចាញ់បោកក្រុមជនខិលខូចដែលបានគប់គិតគ្នាបោកប្រាស់ពលរដ្ឋ ទិញលក់ដី នៅក្នុងតំបន់ការពារធម្មជាតិ ដោយអះអាងថាជាដីស្របច្បាប់ និងអាចរត់ការធ្វើបណ្ណសម្គាល់កម្មសិទ្ធិបាន

ខេត្តកំពត៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំបន្តចាញ់បោកក្រុមជនខិលខូចដែលបានគប់គិតគ្នាបោកប្រាស់ប្រជាពលរដ្ឋ ទិញលក់ដី នៅក្នុងតំបន់ការពារធម្មជាតិ ដោយអះអាងថាជាដីស្របច្បាប់ និងអាចរត់ការធ្វើបណ្ណសម្គាល់កម្មសិទ្ធិបាន។ «តាមពិត គឺមិនអាចទៅរួចឡើយ»។
ការអំពាវនាវបែបនេះ របស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោយ​ពីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពតបានទប់ស្កាត់បាន សម្រេចលើក្រុមជនខិលខូចបង្កើតទំព័រហ្វេសប៊ុក និងបានដាក់ផ្ទៃដីនៃឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងតំបន់អន្លង់ក្មេងលេង ស្ថិតក្នុងភូមិសាស្ត្រ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត លក់លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ផ្ទៃដីដែលមានទំហំ ១៨០០​ហិកតា ដែលជនខិលខូច រៀបចំផែនទីដាក់លក់នោះជាផ្ទៃដីព្រៃស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។
ឯកឧត្តមបានថ្លែងថា ផ្ទៃដីមួយចំនួនត្រូវបានជនទុច្ចរិតលួចចូលឈូសឆាយទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ដើម្បីលក់ដូរ ហើយត្រូវបានកសាងសំណុំរឿងនៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់រួចរាល់ហើយដែរ។
គួរបញ្ជាក់ថា មន្ត្រីនៃមន្ទីរបរិស្ថានបានធ្វើការតាមដាន និងធ្វើចំណាត់លើហ្វេសប៊ុកមួយឈ្មោះថា NL Real Estate Cambodia បានដាក់បង្ហាញផែនទី និងទីតាំងដីទំហំ ១៨០០ហិកតា និងរូបភាពមួយចំនួនសម្រាប់លក់។ ក្រុមមន្ត្រីបានសួរនាំភ្នាក់ងារលក់ដីដែលធ្វើសកម្មភាពនោះ ដោយបានបញ្ជាក់ថាឈ្មោះ សុខ ម៉ាប់ ជាតំណាងម្ចាស់ដី។ តាមការបញ្ជាក់របស់ មន្ត្រីនៃមន្ទីរបរិស្ថាន ខេត្តកំពត ឈ្មោះ សុខ ម៉ាប់ នេះគឺជាជនសង្ស័យមួយរូបក្នុងចំណោម ២រូប ដែលមន្ទីរបរិស្ថានខេត្តកំពត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃខុសច្បាប់នៅក្នុងភូមិអន្លង់ក្មេងលេង ឃុំតេជោ អភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ជាមួយឈ្មោះ ឡៅ អាន់ ដែលជាឪពុករបស់ខ្លួន។ បច្ចុប្បន្នសំណុំរឿងបាននិងកំពុងបន្តនីតិវិធីនៅតុលាការខេត្តកំពត។
មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត បានបន្តថា ជាមួយភស្តុតាង និងសាក្សីថ្មីនេះ មន្ទីរបរិស្ថានខេត្តកំពត នឹងរៀបចំសំណុំឯកសារភស្តុតាងបន្ថែមដាក់ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់ ដើម្បីចាត់ការលើជនទុច្ចរិត រួមនឹងបក្ខពួកនៅពីក្រោយដែលឃុបឃិតគ្នាចូលរុករានទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់។
ទាក់ទងនឹងបញ្ហានេះ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត បាននិងកំពុងសហការជាមួយភាគីពាក់ព័ន្ធដើម្បីបន្តដាក់ភស្តុតាងបន្ថែមលើសំណុំរឿង និងបានអំពាវនាវដល់ពលរដ្ឋដែលបានចាញ់បោកក្រុមជនខិលខូចទិញដីនៅតំបន់នោះ ត្រូវទាមទារលុយរបស់ខ្លួនមកវិញ ព្រោះទីតាំងនោះជាដីរបស់ឧទ្យានជាតិបូកគោ ដែលត្រូវការពារ និងអភិរក្ស។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា៖ «គ្មានជនណាម្នាក់មានសិទ្ធិទិញ ឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅតាមខេត្តនានាបានឡើយ ក្រសួងស្នើឱ្យពលរដ្ឋឈប់ចាញ់ បោកមេខ្យល់ ឬក្រុមជនខិលខូចតទៅទៀត»។
ឯកឧត្តម នេត្រ ភក្ត្រា បានរំឭកឡើងថា មានប្រជាពករដ្ឋជាច្រើនបន្តការចាញ់បោកក្រុមជនខិលខូចដែលលក់ដីខ្យល់ គ្មានដីពិតប្រាកដ និងគ្មានការកាន់កាប់ស្របច្បាប់។ ក្រុមជនខិលខូចមួយចំនួនបានដើរចង្អុលដីព្រៃដើម្បីលក់ និងខ្លះទៀត បង្កើតឯកសារក្លែងក្លាយដើម្បីយកដីព្រៃរបស់រដ្ឋដោយប្រឌិតថាជាដីដែលប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យផលជាយូរមក ហើយដើម្បីស្នើសុំកាត់ឆ្វៀល។
ឯកឧត្តមក៏បានលើកឡើងផងដែរថា ក្រុមជនខិលខូចមួយចំនួនបានបន្តយុទ្ធសាស្ត្រឈ្នះបានដី ចាញ់បានលុយក្នុងជម្លោះដណ្តើមដីរដ្ឋ និងមានក្រុមជនខិលខូចខ្លះបានជួលប្រជាពលរដ្ឋដើម្បីតវ៉ា និងទាមទារដីជាមួយអាជ្ញាធរពេលចុះអនុវត្តច្បាប់។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា សូមកុំជឿលើ ជនខិលខូចដែលអះអាងថា​ទិញដីរដ្ឋហើយអាចធ្វើប្លង់រឹងជាកម្មសិទ្ធិបាននោះ នេះគឺជាការបោកប្រាស់សុទ្ធសាធ។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា កាលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនបន្តចាញ់បោកមេខ្យល់ក្នុងការទិញលក់ដូរដីខុសច្បាប់នោះ នឹងត្រូវប្រឈមមុខនឹងបញ្ហា២ គឺទី១៖ ការខាតបង់ប្រាក់ និងទ្រពសម្បត្តិរបស់ខ្លួន និងទី២៖ ប្រឈមមុខនឹងច្បាប់ជាមួយនឹងជនល្មើស ដោយសារតែ ការរុករាន ទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ និងទិញលក់ដូរដីព្រៃរដ្ឋជាទង្វើខុសច្បាប់៕
អត្ថបទដែលជាប់ទាក់ទង