នាវាស្វ័យការពារជប៉ុន១គ្រឿងចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព
ព្រឹកថ្ងៃសុក្រ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុន ០១គ្រឿង មានឈ្មោះថា JS HARUSAME (DD.102) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងឱកាសចូលចតរបស់នាវាពិឃាត កងស្វ័យការពារជើងទឹកជប៉ុននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ មានការទទួលស្វាគមន៍ពីនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រដឹកនាំដោយលោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្រ។ ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន។ នាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុនមានឈ្មោះថា JS HARUSAME (DD.102) ដឹកនាំដោយលោកវរនាវីឯក KUDO MASANORI មេបញ្ជាការកងស្វ័យការពារជើងទឹកជប៉ុនតំបន់២ បានចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។ ចំពោះលក្ខណៈបច្ចេកទេសនាវា ជាប្រភេទនាវាពិឃាដ មានបណ្ដោយ ១៥១ម៉ែត្រ ទទឹង ១៧,៤ម៉ែត្រ ជម្រៅទឹក ៥,២ម៉ែត្រ ទម្ងន់ផ្ទុក ៤ ៥៥០តោន មាននាវិកសរុបចំនួន ២០៥នាក់ ដឹកនាំដោយលោកមេបញ្ជាការនាវាលោកវរនាវីទោ Ban Masayuki ៕ សម្រួលដោយ ទៀង បុណ្ណរី