ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យផ្ទាល់នៅកន្លែងប្រមូលផ្តុំទិញស្រូវ ក្រោយពីមានការសម្របសម្រួលតម្លៃពីសំណាក់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ព្រមទាំងភាគីពាក់ព័ន្ធ

លោកអភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ព្រមទាំងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុកឃុំ និងមន្ត្រីពាក់ បានចុះជួបផ្ទាល់នៅកន្លែងប្រមូលផ្តុំទិញស្រូវ(ដែលរៀបចំដោយក្រុមការងារចម្រុះ)ឈ្មួញ និងប្រជាកសិករ នៅក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារបានជួបជាមួយភាគីពាក់ព័ន្ធ រួមមាន លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោង ម៉ាស៊ីនកិនស្រូវបៃតង លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងមន្ទីរកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរពាណិជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍កសិកម្ម និង ជនបទ លោក លោកស្រីអភិបាលស្រុក មេឃុំតំណាង រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូល ទិញស្រូវផ្គត់ផ្គង់ទៅរោងម៉ាស៊ីនកិនស្រូវ។ ជាលទ្ធផល ក្រោយកិច្ចប្រជុំដើម្បីធានាស្ថិរភាពតម្លៃស្រូវ លោកឧកញ៉ា ភូ ពុយ បាន សម្រេចប្រកាសកំណត់យកថ្លៃគោល សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ (ស្រូវសើម) មិន ក្រោម៩បាត ក្នុង១គីឡូក្រាម ឬ ១ ០៤០រៀល ក្នុង១គីឡូ ក្រាមនៅនឹងកន្លែងដូចនៅខេត្តបាត់ ដំបងដែរ និងបានអំពាវនាវដល់ម្ចាស់រោងម៉ាស៊ីនស្រូវ និងឈ្មួញប្រមូលទិញស្រូវ ក្នុងខេត្ត បន្ទាយមានជ័យ ឱ្យចុះប្រមូលទិញ ដោយអនុវត្តតាមថ្លៃដែលបានកំណត់ ចាប់ពីរសៀលថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះទៅ។ ការអនុវត្ដនឹងចាប់ផ្តើមពីគោលដៅចំនួន៨ទីតាំង រួមមាន៖ មួយទីតាំងនៅ ស្រុកភ្នំស្រុក មួយទីតាំងនៅស្រុកព្រះនេត្រព្រះ បីទីតាំងនៅស្រុកស្វាយចេក និងបីទីតាំងនៅស្រុកថ្មពួក។ ប្រជាកសិករគ្រប់គោលដៅទាំងអស់ បានសាទរទៅនឹងការអនុវត្តថ្លៃគោលនេះ។ ក្នុងករណីមានបញ្ហាអ្នកទិញអនុវត្តមិនត្រឹមត្រូវ សូមប្រជាកសិករមេត្តាទាក់ទងជាមួយមេឃុំ ឬ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ តាមរយៈទូរស័ព្ទលេខ ០១២ ៨៣៨ ៩៣៧ ដើម្បីទទួលបានការអន្តរាគមន៍នោះ។ ​​អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងដែរថា នៅក្នុងខេត្តបន្ទាយ មានជ័យ ស្រូវដែលប្រជាកសិករកំពុងប្រមូលផលនេះ មានប្រមាណ ១០ម៉ឺនហិកតា។ ដែលមកដល់ពេលនេះប្រមូលអស់ប្រមាណ ២ម៉ឺនហិកតាហើយ នៅសល់៧ទៅ៨ម៉ឺនហិកតាទៀត។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ក្រុមការងារចម្រុះខេត្តដែលមានខាងកសិកម្មខេត្ត ពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនបៃតង់ បាននឹងកំពុងជួយសម្របសម្រួលជាប្រចាំជាមួយឈ្មួញ និងប្រជាកសិករ តាមគោលដៅដែលបានរៀបចំ ។ គួរឱ្យដឹងផងដែរថា ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានឱ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានថា ក្នុងរដូវកាលប្រមូលផលស្រូវនាអំឡុងពេញមួយខែវិច្ឆិកា ដល់ពាក់កណ្ដាលខែធ្នូ បានធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ កកស្ទះជាហេតុនាំឱ្យជះឥទ្ធិពលទៅដល់តម្លៃស្រូវនៅខេត្តទាំង ២នេះ ធ្វើឱ្យចុះថោក ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងក្រុមការងារពាក់ព័ន្ធបានរកដំណោះស្រាយ និងទទួលបានលទ្ធផលប្រសើរមួយក្រោមការឯកភាព និងសាទរពីប្រជាកសិករនៅតំបន់នោះ ដោយមានការកំណត់ជាក់លាក់ពីតម្លៃស្រូវដែលធ្វើយ៉ាងណាមិនឱ្យធ្លាក់ក្រោម ១ ០៤០រៀល​ ក្នុងមួយគីឡូក្រាមឡើយ សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ ៕ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ, ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទសម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង