ជប៉ុនបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៤០៩ករណីបន្ថែមទៀត ជាអត្រាខ្ពស់មិនធ្លាប់មានចាប់តាំងខែកុម្ភៈមក
TNM(តូក្យូ) ៖ ទីក្រុងតូក្យូប្រទេសជប៉ុនកាលពីម្សិលមិញបានប្រកាសពីការរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន៤០៩ករណីបន្ថែមទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី១៨ ខែកុម្ភៈមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
បើតាមការបញ្ជាក់ពីអាជ្ញាធរ ក្នុងចំណោមករណីថ្មីទាំង៤០៩ករណីខាងលើនេះ ភាគច្រើនត្រូវបានរកឃើញលើមនុស្សអាយុខ្ទង់២០ឆ្នាំ បន្ទាប់មកមនុស្សក្នុងវ័យ៣០ឆ្នាំ។
រដ្ឋាភិបាលជប៉ុនបានសម្រេចដាក់ទីក្រុងតូក្យូ និងខេត្តចំនួន៣ឲ្យស្ថិតក្នុងគ្រាអាសន្ន តាំងពីដើមខែមករាមកម្ល៉េះ។ ប៉ុន្តែករណីឆ្លងថ្មីហាក់មិនសូវថមថយចុះសោះ ដែលជាហេតុនាំឲ្យអាជ្ញាធរបានអូសបន្លាយពេលនៃស្ថានភាពអាសន្ននេះម្តងជាពីរដងរហូតមកទល់ពេលនេះ។ ចាប់តាំងពីស្ថានភាពអាសន្នត្រូវបានប្រកាស ប្រជាជនត្រូវបានគេស្នើសុំយ៉ាងទទូចឲ្យបញ្ឈប់ការធ្វើដំណើរណាដែលមិនចាំបាច់ និងធ្វើការពីផ្ទះ៕