រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រចំពោះគម្រោងរៀបចំកម្មវិធី ពិភាក្សាតស៊ូមតិ «ពានរង្វាន់​ជើងឯកតស៊ូមតិ និងវោហារកោសល្យជាសាធារណៈ»

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានសម្ដែងនូវការគាំទ្រចំពោះគម្រោង​រៀប​ចំកម្មវិធីពិភាក្សាតស៊ូមតិ «ពានរង្វាន់ជើងឯកតស៊ូមតិ និងវោហារកោសល្យជាសាធារណៈ» រៀបចំឡើងដោយ សាលា ACE និង idp ធ្វើនៅរាជធានីភ្នំពេញ ដែលអាចឱ្យសិស្ស និស្សិត និងយុវជននៅតាមបណ្ដាខេត្ដ និងតំបន់ជនបទចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ វីដេអូ អនឡាញ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក យស ថានិន្ទ នាយកគណៈគ្រប់គ្រងកម្មវិធីពិភាក្សាតស៊ូមតិ(Cam DEBATE) ចូលជួបសម្ដែង​ការ​គួរ​សម កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងព័ត៌មាន។ លោក យស ថានិន្ទ បានជម្រាបជូនថា កម្មវិធីខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ផ្តល់ជាការអប់រំ បទពិសោធន៍ទៅឱ្យសិស្ស និស្សិត និងយុវជនកម្ពុជាដើម្បី មានឱកាស​ចូល​រួមប្រកួតកម្មវិធីតស៊ូមតិ ដែលអាចឱ្យអ្នកចូលរួមហ៊ានឡើងនិយាយជាសាធារណៈ ក្នុងការ​តស៊ូមតិ។ លោកក៏បានគោរពស្នើសុំការគាំទ្រពីឯកឧត្ដមរដ្ឋមន្រ្ដី សម្រាប់កម្មវិធីពិភាក្សា​តស៊ូ​មតិ ដែលនឹងចាប់ផ្តើមប្រកួត ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ដែលកម្មវិធីពិភាក្សានេះផ្តោតទៅលើសង្គម ការអប់រំ បច្ចេកវិទ្យា និងបរិស្ថាន ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគាំទ្រចំពោះគំនិតរបស់គណៈ​គ្រប់​គ្រងកម្មវិធីពិភាក្សាតស៊ូមតិ (Cam DEBATE) និងបានចូលរួមជាថវិកាចំនួន ២ លានរៀល សម្រាប់ការរៀបចំកម្មវិធីពិភាក្សាតស៊ូមតិ «ពានរង្វាន់ជើងឯកតស៊ូមតិ និងវោហារ​កោសល្យ​ជាសាធារណៈ» នេះ។ លោក យស ថានិន្ទ បានលើកឡើងថា សម្រាប់អ្នកចូលរួមនឹងទទួលបានការអប់រំ​បន្ថែមទាក់​ទងកិច្ចការដែលត្រូវអនុវត្តន៍ដោយខ្លួនឯងផ្ទាល់ ហើយក៏ជាឱកាសសម្រាប់ការ​សិក្សា​បន្ថែម ពីការតស៊ូមតិ និងការនិយាយជាសាធារណៈ។ លោកបានអះអាងថា ការជួប​ពិភាក្សា​ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដី​ក្រសួង​ព័ត៌មាន​គឺដើម្បីស្នើសុំការគាំទ្រ និង​ជួយ​ផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវកម្មវិធីពិភាក្សា​តស៊ូមតិ «ពានរង្វាន់ជើងឯកតស៊ូមតិ និងវោហារកោសល្យជាសាធារណៈ» ដើម្បីសិស្សានុ​សិស្ស និងយុវជន កម្ពុជា ពិសេសនៅ​តាម​បណ្តាខេត្ត ជនបទឆ្ងាយៗ ទទួលបានព័ត៌មាន ពាក់ព័ន្ធកម្មវិធីនេះ។ លោក​បានបញ្ជាក់​ទៀតថា កម្មវិធីនេះ គឺនិយាយពីបញ្ហាទូទៅទាក់ទង សង្គមជាតិ ក៏ដូចជាការអភិវឌ្ឍ ការអប់រំ វិស័យបច្ចេកវិទ្យា បរិស្ថាន និងកិច្ចការងារមួយ​ចំនួន​ទៀត ដែលសិស្ស និស្សិត និងយុវជន​ត្រូវដឹង ។ លោក យស ថានិន្ទ ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ដែលបានគាំទ្រ និងផ្តល់ថវិកាដល់កម្មវិធីនេះ ហើយក្រុម​ការងារ​នឹង​យកទៅសិក្សាបន្ថែមថាយើងអាចជួយអ្វីបានដល់កូនក្មេង ពិសេសកូនសិស្ស​តាម​បណ្តាខេត្ត ដែលត្រូវការជួយគាំទ្រ និងឧបត្តម្ភ សម្រាប់ដំណើរការសិក្សារៀនសូត្រ ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង