មធ្យោបាយធ្វើដំណើរ និងសម្ភារគ្រឿងបំពាក់ បានដឹកតាមនាវាឆ្ពោះទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាលហើយ សម្រាប់ការងារបេសកកម្ម UN
ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ មធ្យោបាយធ្វើដំណើរ និងសម្ភារគ្រឿងបំពាក់ដាក់ក្នុងកុងទឺន័រ និងរថយន្តតូចធំចំនួន៦៩គ្រឿង បានដឹកតាមនាវាឆ្ពោះទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍ថា ដោយបានការអនុញ្ញាតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាគណៈកម្មាធិការជាតិ និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃនេះ រថយន្ត គ្រឿងចក្រ និងសម្ភារ នៃកងកម្ទេចគ្រាប់ ដើម្បីទៅចូលរួមបំពេញបេសកកម្ម អង្គការសហប្រជាជាតិ(UN) នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយឆ្លងកាត់ប្រទេសឥណ្ឌា និងប្រទេសកាមេរូន ដោយរយៈពេល នៃការដឹកជញ្ជូនមធ្យោបាយ សម្ភារទាំងអស់នេះ គឺចំណាយពេលពី៧៥ថ្ងៃ ទៅ៩០ថ្ងៃ ទើបបានទៅដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា នៅមុន៣សប្តាហ៍ ដែលសម្ភារទាំងអស់នេះទៅដល់ កម្ពុជានឹងបញ្ជូនកងកម្លាំងកម្ទេចគ្រាប់ចំនួន១០១នាក់ ចេញទៅដើម្បីទទួលមធ្យោបាយនិងសម្ភារ នៅរដ្ឋធានីបាំងហ្គី សាធារណរដ្ឋអាហ្វ្រិកកណ្តាល តែម្តង។ ឯកឧត្តមបានបញ្ជាក់ទៀតថា ការបញ្ជូនកងថ្មីនេះ ខាងអង្គការសហប្រជាជាតិ បានសប្បាយចិត្តរីករាយ ដោយកន្លងមកក្នុងមហាសន្តិភាពអង្គការសហប្រជាជាតិ ក្នុងជំនួបដោយផ្ទាល់រវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ កម្ពុជាជាប្រទេសតូចតែមានឆន្ទៈខ្ពស់ ក្នុងការបញ្ជូនកងកម្លាំងទៅចូលរួមបំពេញបេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយកម្ពុជាជាសមាជិកដ៏សកម្មមួយរបស់អង្គការសហប្រជាជាតិ ៕ សម្រួលដោយ ទៀង បុណ្ណរី