រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា កម្ពុជាធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលរួមច្រើនជាងបណ្តាប្រទេសផ្សេងៗ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានអនុញ្ញាតឱ្យអ្នកសារ ព័ត៌មានចូលរួមយកព័ត៌មានចំនួនច្រើនជាងបណ្តាប្រទេសផ្សេងៗ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគាសុខា រាជធានីភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន គូសបញ្ជាក់ថា ការចូលរួមរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានមកចូលរួម យកព័ត៌មាន និងផ្តិតយករូបភាពនៃកិច្ចប្រជុំអាស៊ានលើកទី៤០ និង៤១ គឺមានចំនួនច្រើន។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ការចូលរួមច្រើនរបស់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ នេះ បង្ហាញពីភាពចាស់ទុំរបស់កម្ពុជា និងបង្ហាញពីរឹងមាំទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងបង្ហាញពីភាពចាស់ទុំរឹងមាំរបស់អ្នកសារព័ត៌មាន ដែលអ្នកសារព័ត៌មានមកពីខាងក្រៅ ត្រូវយកអ្នកសារព័ត៌មានខាងក្នុងធ្វើជាដៃគូ។ ចំណុចនេះ សម្រាប់អ្នកសារព័ត៌កម្ពុជា ទោះបីជាមានការរិះគន់តិចក្តី តែមិនចាញ់នឹងអ្នកសារព័ត៌មកពីខាងក្រៅនោះទេ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ចំពោះអ្នកសារព័ត៌មានចូលរួមកិច្ច ប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ គឺកម្ពុជាបានអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ចូលរួមច្រើនជាងបណ្តាប្រទេសផ្សេងៗ ខណៈ ពេលខ្លះប្រទេសនោះមានការទាមទារឱ្យអ្នក កាសែតនេះ កាសែតនោះចូលរួម។ឯកឧត្តមរដ្ឋមន្ត្រីថ្លែងបញ្ជាក់ថា «យើងបាននិយាយហើយថាអ្នកសារព័ត៌មានណា ក៏ដោយនៅតែមានសិទ្ធិចូលរួមយកព័ត៌មានក្នុងកិច្ចប្រជុំអាស៊ាននេះ»។ ពាក់ព័ន្ធនឹងការបច្ចេកវិទ្យាក្នុងកិច្ចប្រជុំអាស៊ានវិញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រ សួងព័ត៌មានបានអះអាងថា ការប្រើប្រាស់មានកម្រិតខ្ពស់ក្នុងនោះមានការស្គែនរូបជាដើម ដែលចំណុចនេះ កម្ពុជាបានប្រើប្រាស់តាំងពីសម័យកូវីដ១៩ រាតត្បាតនៅកម្ពុជា។ ឯកឧត្ដម បានលើកឡើងបន្ថែមថា សម្រាប់បច្ចេកវិទ្យានៅកម្ពុជាបច្ចុប្បន្ន នេះមិនចាញ់នឹង បណ្តាប្រទេសផ្សេង រាប់ទាំងធនធានមនុស្ស ក៏មិនចាញ់បណ្តាប្រទេសផ្សេងៗនោះទេ។ ជាមួយគ្នានេះ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គ នាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានឱ្យដឹងដែរថា នៅថ្ងៃដំបូង នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងប្រព្រឹត្ត ទៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ក៏មានការចូលរួមពីអ្នកសារព័ត៌មាន ជាច្រើនហួសពីការរំពឹងទុក ដោយមានអ្នកសារព័ត៌មានចូលរួមប្រមាណជាង ៥០០នាក់ ក្នុងចំណោមអ្នកសារព័ត៌មានដែលបានចុះឈ្មោះប្រមាណ ១ ៧៥០នាក់៕សម្រួលសោយ ទៀង បុណ្ណរី