ទឹកធ្លាក់ព្រះនិម្មិត តំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងខេត្តភាគឦសាន
រមណីយដ្ឋាន«ទឹកធ្លាក់ព្រះនិម្មិត» ឬហៅថា «ទឹកជ្រោះសុភមិត្ត» ស្ថិតនៅក្នុងឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ជាប់នឹងឃុំព្រះរំកិល ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ទៅកម្សាន្តលេងបានគ្រប់រដូវកាល ទោះបីជារដូវក្តៅ ឬរដូវភ្លៀងយ៉ាងណាក៏ដោយ ភ្ញៀវទេសចរអាចធ្វើដំណើរពីក្រុងស្ទឹងត្រែង ។
មានចំនួន៣ផ្លូវ៖
ទី១ៈ តាមផ្លូវជាតិលេខ៩ ឆ្លងស្ពានមេគង្គបន្តដំណើរ ប្រមាណ៤០គីឡូម៉ែត្រ នឹងឃើញស្លាកសញ្ញា នៅចំណុចផ្លូវបំបែកមួយដាក់ថា “រមណីយដ្ឋានទឹកធ្លាក់ព្រះនិមិ្មត” ហើយធ្វើដំណើរប្រមាណ ជាង២០គីឡូម៉ែត្រតាមផ្លូវឡំ មានស្លាកមួយទៀតដាក់ថា “ទឹកធ្លាក់ព្រះនិមិត្ត”។ បន្ទាប់មកអ្នកដំណើរត្រូវបត់តាមគំនូសសញ្ញាដែលបានបង្ហាញ ធ្វើដំណើរប្រហែល១០គីឡូម៉ែត្រ។
ទី២ៈ លោកអ្នកឆ្លងស្ពានមេគង្គហើយបន្តដំណើរធ្វើដំណើរទៅតាមផ្លូវស្រុកថាឡាបរិវ៉ាត់កាត់ទៅតាមអូរត្រឡះទៅភូមិក្រឡាពាសឃុំព្រះរំកិលដល់ភូមិអន្លង់ឈើទាលចូលទស្សនាសត្វផ្សោតសិនហើយចាំបន្តដំណើរទៅទៀត។
ទី៣ៈ គឺធ្វើដំណើរឆ្លងកាត់តាមស្ពានសេកុងឆ្ពោះទៅស្រុកបុរីអូរស្វាយសែនជ័យទស្សនាស្ដូកអានុស្សាវរីយ៍សម្ដេចតារួចអាចជិះទូកទៅលំហែនៅតាមហាតខ្សាច់ព្រៃលិចទឹកនិងអន្លង់ផ្សោតសិនក៏បានចាំបន្តដំណើរទៅទឹកធ្លាក់សុភមិត្តជាក្រោយ។
នោះភ្ញៀវទាំងអស់នឹងបានឃើញទឹកធ្លាក់ធម្មជាតិព្រះនិមិ្មតដ៏អស្ចារ្យ គយគន់មើលទេសភាពលំហែកាយ សប្បាយដក់ជាប់ក្នុងអារម្មណ៍ជានិច្ច ប៉ុន្តែបើបងប្អូនដែលចង់ទៅកម្សាន្តនៅទឹកជ្រោះសុភមិត្តនៅទីនេះ មិនថាខែប្រាំ ឬវស្សានោះទេ ទឹកជ្រោះព្រះនិម្មិតមានការទាក់ទាញជានិច្ច ទេសភាពនៅទីនោះមានការផ្លាស់ប្តូរទៅតាមរដូវកាល ។ នៅរដូវវស្សាសន្ទុះទឹកហូរខ្លាំង ផ្ទៃទឹកជ្រោះទាំងមូលមានទឹកល្ហរល្ហេវ ឯនៅរដូវប្រាំងវិញ ទឹកហូរកាត់ផ្ទាំងថ្មបង្កើតបានជាទេសភាពគួរជាទីគយគន្ធក្រៃលែង។ នៅពេលទៅកម្សាន្តនៅទីនោះលោកអ្នកអាចទៅ ងូតទឹកកោះធា ប្រទេសឡាវ ពិសារអាហារថ្ងៃត្រង់តាមមាត់ទន្លេព្រំប្រទល់ខ្មែរ-ឡាវ-ទស្សនាទឹកធ្លាក់ព្រះនិម្មិតទស្សនា វត្តល្បាក់ខោនព្រះនិម្មិត និង គយគន់ព្រះអាទិត្យរៀបលិចយ៉ាងស្រស់ស្អាតទៀតផង៕សម្រួលដោយ ទៀង បុណ្ណរី