ប្រធានអាស៊ានឆ្នាំ២០២២៖ សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញ ខណៈការរំពឹងទុកកើន ៤,៩ភាគរយ ក្នុងឆ្នាំ២០២៣

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញ ក្នុងរយៈ ពេលជិត ៣ឆ្នាំមកនេះ ជាមួយកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣,១ ភាគរយ ក្នុងឆ្នាំ២០២១ ជាមួយនឹងការរំពឹងទុក ៥,៣ភាគរយ ឆ្នាំ២០២២ និង៤,៩ភាគរយ ក្នុងឆ្នាំ២០២៣។ ថ្លែងក្នុងពិធីបើកនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រយៈពេលជិត ៣ឆ្នាំមកនេះ អាស៊ានបានខិតខំរួមគ្នាឥតស្រាកស្រាន្ត ក្នុងការដាក់ចេញវិធានគោលនយោបាយ និងគំនិតផ្តួចផ្តើមនានា ដើម្បីដោះស្រាយនូវវិបត្តិកូវីដ-១៩, កាត់បន្ថយផលប៉ះពាល់មកលើ សង្គម-សេដ្ឋកិច្ច និងជាពិសេសបានដាក់ចេញនូវ «ក្របខ័ណ្ឌស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ ជ្រុងជ្រោយ របស់អាស៊ាន» (ACRF) សំដៅជំរុញការអភិវឌ្ឍវិស័យឌីជីថលក្នុងអាស៊ាន និងការបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមជាមួយនឹងកិច្ចសម្រួលពាណិជ្ជកម្មនានា ដើម្បីស្ដារឡើងវិញពីការវិបត្តិនៃជំងឺកូវីដ-១៩។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា «ជាក់ស្តែង យោងតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO), សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញ ជាមួយនឹងការសម្រេចបាននូវកំណើនផលិតផល ក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣,១ភាគរយ ក្នុងឆ្នាំ២០២១ ជាមួយនឹងការរំពឹង ទុកនូវកំណើនក្នុងអត្រា ៥,៣ភាគរយ និង ៤,៩ភាគរយ ក្នុងឆ្នាំ២០២២ និង ២០២៣ រៀងគ្នា»។ សម្ដេចតេជោបន្ដថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ក៏បានកំណត់បន្ថែមនូវ «គោលដៅយុទ្ធសាស្ត្រចំនួន៤» នៅក្រោមសសរស្តម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖ ទី១- ការពង្រឹងការតភ្ជាប់ឌីជីថល, វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, ទី២-ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន, ទី៣-ការជំរុញសមាហរណកម្ម បរិយាប័ន្ន, ភាពធន់ និងភាពប្រកួតប្រជែងអាស៊ានឱ្យខ្លាំងជាងមុន និងទី៤-អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ សំដៅជំរុញកំណើន សេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ផងដែរ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ឈរលើមូលដ្ឋាននេះ, សមាជិកអាស៊ានបានខិតខំយ៉ាងសកម្ម ក្នុងការសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នូវសមិទ្ធផលសេដ្ឋកិច្ចអាទិភាព (Priority Economic Deliverables) ទាំង១៩ ដែលត្រូវបានកំណត់កន្លងមក។ សម្តេចតេជោបានបញ្ជាក់បន្ថែមថា ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល កំពុងស្រាកស្រាន្ដ គួរឱ្យកត់សម្គាល់, ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកល នៅតែមានភាពផុយស្រួយ និងងាយរងនូវវិបត្តិថ្មី។ ទន្ទឹមនេះ ដោយយើងនៅបន្ត ប្រឈមនឹងបញ្ហាថ្មីៗ និង កាន់តែស្មុគស្មាញ ដែលកំពុងកើតឡើងជាបន្តបន្ទាប់ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន និងភូមិសាស្ត្រនយោបាយ ។ ក្នុងឱកាសនោះដែរ សម្តេចក៏បានថ្លែងបន្ថែមថា ក្នុងស្មារតីនេះ អាស៊ានត្រូវបន្តប្រកាន់ ភ្ជាប់នូវគោលការណ៍ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការបន្តជំរុញការធ្វើសេរីភាវូបនីយកម្ម ដើម្បីលើកកម្ពស់អាស៊ាន ឱ្យក្លាយទៅជាតំបន់មួយដែលមានលក្ខណៈបើកចំហ, តម្លាភាព, បរិយាប័ន្ន, ទន្ទឹមនេះ ត្រូវបន្តរក្សាឱ្យបាននូវ “មជ្ឈភាព» និង «ឯកភាពអាស៊ាន» ក្នុងការកសាងទំនាក់ទំនងសកល និងតំបន់។ សម្តេចតេជោបានអះអាងដែរថា អាស៊ានក៏ត្រូវធ្វើឱ្យកាន់តែប្រសើរថែមទៀត នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយនានាដែលមានស្រាប់ សំដៅធានាថា កិច្ចព្រមព្រៀងទាំងនោះនៅតែរក្សា បាននូវទំនើបកម្ម, ទាន់សម័យ, មានលក្ខណៈកាន់តែប្រសើរ និងឆ្លើយតបប្រកបដោយ ប្រសិទ្ធភាព ចំពោះនិន្នាការធុរកិច្ច និងការវិនិយោគ នាបច្ចុប្បន្ន៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង