ថ្នាក់ដឹកនាំកងទ័ពជើងគោក កម្ពុជា-ឥណ្ឌូនេស៊ី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានកន្លងមករវាងកងទ័ពជើងគោកទាំងពីរ
ប្រទេសវៀតណាម៖ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អាហ្គឹស ស៊ូប៊ីយ៉ានតូ (Agus Subiyanto) មេបញ្ជាការរង កងទ័ពជើងគោកឥណ្ឌូនេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ ដែលមានកន្លងមករវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវលទ្ធផលជាក់ស្តែងនៃកិច្ចសហការរវាងអង្គភាពចំណុះកងទ័ពទាំងពីរ ជាអាទិ៍ការហ្វឹកហ្វឺបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានលើកឡើងអំពីគោលគំនិតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសក្តានុពលផ្សេងៗបន្ថែមទៀត សម្រាប់នាពេលអនាគត។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានធ្វើការផ្តាំផ្ញើសាកសួរសុខទុក្ខជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ (Dudung Abdurachman) មេបញ្ជាការ កងទ័ពជើងគោកឥណ្ឌូនេស៊ី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន និងយោធិននៃកងទ័ពជើងគោកឥណ្ឌូនេស៊ី ប្រកបដោយមនោសញ្ចេតនា ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ និងកក់ក្ដៅ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) លើកទី២៣ ត្រូវបានរៀបចំទ្បើងដោយកងទ័ពប្រជាជនវៀតណាមជាម្ចាស់ផ្ទះ រួមទាំងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងអាស៊ាន (ASMAM) លើកទី១០ និងព្រឹត្តិការណ៍ជំនួបបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន (AARM) លើកទី៣០ នៅរដ្ឋធានីណូយ នៅក្នុងឆ្នាំ២០២២នេះ៕ by You Malin