ឯកឧត្តម ស សុខា ៖ យកបទពិសោធន៍ពីការរៀបចំកីឡាជាតិលើកទី៣ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម – អាស៊ានប៉ារ៉ា ហ្កេម ឆ្នាំ២០២៣

ការប្រកួតកីឡាជាតិលើកទី៣ ដែលគ្រោងនឹងដំណើរការពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជននិងកីឡាចាត់ទុកថាជាដើមទុនដ៏សំខាន់ និងយកបទពិសោធន៍ ពីការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ ឆ្ពោះទៅជោគជ័យ ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ១០កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព. ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋលេខាធិការ គូសបញ្ជាក់ទៀតថា ការរៀបចំកីឡាជាតិលើកទី៣នេះ ដែលមានសមាសភាពពាក់ព័ន្ធដ៏សំខាន់ ដូចជាសហព័ន្ធពាក់ព័ន្ធ រួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, សហព័ន្ធកីឡាជាតិចំនួន៣៨, និងប្រតិភូកីឡាទាំង២៥រាជធានី-ខេត្ត-ស្ថាប័នក្រសួង កំពុងត្រៀមរៀបចំ និងចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាជាតិដ៏ធំ រៀងរាល់២ឆ្នាំម្តងនេះ ។ គោលបំណងចម្បងនៃព្រឹត្តិការណ៍កីឡាជាតិ ដែលបានចាប់ផ្តើមលើកទី១ ឆ្នាំ២០១៦ និងកីឡាជាតិលើកទី២ ឆ្នាំ២០១៨ គឺដើម្បីដកពិសោធន៍ នៃការរៀបចំរបស់មន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិ និងបង្កើនគុណភាពបច្ចេកទេសកីឡាករ កីឡាការិនី បាញ់ឆ្ពោះទៅរកការទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាលើកដំបូងរបស់កម្ពុជា។ ឯកឧត្តម ស សុខា សង្កត់ធ្ងន់ថា ការរៀបចំកីឡាជាតិនេះ គឺផ្តល់ឱ្យមន្ត្រីរៀបចំបច្ចេកទេសបានស៊ាំទៅនឹងបទពិសោធន៍ កែលម្អចំណុចខ្វះខាត ព្រមទាំងជួយបង្កើនបច្ចេកទេស ដល់ក្រុមកីឡាករ កីឡាការិនី ជាពិសេសក្រុមជម្រើសជាតិមួយចំនួន ក្នុងចំណោម៣៨ប្រភេទកីឡា ខណៈក្រុមជម្រើសជាតិ នៃប្រភេទកីឡាជាច្រើនកំពុងហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីត្រៀមខ្លួនក្នុងពេលដំណាលគ្នា នៃដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣។ សហព័ន្ធកីឡាជាតិទាំង៣៨ប្រភេទកីឡាមានតួនាទីសំខាន់មួយទៀត តាមរយៈការចាត់តាំងនាយកបច្ចេកទេស ដើម្បីធ្វើកិច្ចការរួមគ្នាជា មួយគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ឆ្ពោះទៅស៊ីហ្គេម ២០២៣។ ឯកឧត្តម ស សុខា គូសបញ្ជាក់យ៉ាងដូច្នេះថា «គោលបំណងធំមួយទៀត នៃការរៀបចំកីឡាជាតិលើកទី៣ គឺការបណ្តុះបណ្តាលមន្ត្រីអាជ្ញាកណ្តាល ឱ្យកាន់តែមានគុណភាពបន្ថែម ពីព្រោះការប្រកួតកីឡាមួយដែលជោគជ័យ ត្រូវមានការកាត់សេចក្តីពីអាជ្ញាកណ្តាល។ ប្រសិនបើអាជ្ញាកណ្តាលមិនមានគុណភាពល្អ នឹងធ្វើឱ្យការប្រកួតមួយមានភាពរញ៉េរញ៉ៃ បង្កើតបានទៅជម្លោះ មិនមានភាពយុត្តិធម៌។ ការរៀបចំកីឡាជាតិលើកទី៣នេះ ផ្តោតសំខាន់ខ្លាំងទៅលើបទពិសោធន៍របស់មន្ត្រីបច្ចេកទេស ឆ្ពោះទៅគោលដៅចម្បងចំពោះមុខ គឺស៊ីហ្គេម ២០២៣ ដែលជាប្រវត្តិសាស្ត្រថ្មីបំផុតរបស់កម្ពុជា ហើយពេលរៀបចំកីឡាជាតិ លើកទី៤ នឹងផ្តោតសំខាន់ទៅលើគុណភាព ច្រើនជាងបរិមាណ»។ គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ស សុខា បានដឹកនាំកិច្ចប្រជុំនាយកបច្ចេកទេស-សន្និសីទសារព័ត៌មាន ត្រៀមការប្រកួតកីឡាជាតិលើកទី៣ និងការប្រកួតប៉ារ៉ាហ្គេម លើកទី១ ឆ្នាំ២០២២។ ព្រឹត្តិការណ៍នេះមានប្រភេទកីឡាមានចំនួន៣៨ និងប្រភេទកីឡាប៉ារ៉ាឡាំពិកចំនួន៧ ដែលមានវិញ្ញាសាសរុប៤០៥ នៅភ្នំពេញ, ខេត្តកែប, កំពត, ព្រះសីហនុ, និងខេត្តសៀមរាប។ ពិធីបើកផ្លូវការ គ្រោងធ្វើថ្ងៃទី២១ ខែវិច្ឆិកា និងពិធីបិទគ្រោងធ្វើនាថ្ងៃទី៣០ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង