រដ្ឋបាលខេត្តព្រះវិហារប្រារព្ធមិទ្ទីង អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងខួបលើកទី១៨ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះរុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី

ខេត្តព្រះវិហារបានប្រារព្ធមិទ្ទីងអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២២ និងខួប លើកទី១៨ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានវត្តមានចូលរួមក្នុងអង្គពិធីរួមមាន ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម សិស្សកាយរិទ្ធ ព្រមទាំងសហភាពសហព័ន្ធកម្ពុជា ជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅស្តូបវិមានឯករាជ្យ ស្ថិតនៅក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ថ្លែងសុន្ទរកថាទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានឱ្យដឹងថា ថ្ងៃនេះជាថ្ងៃដ៏មហានក្ខឬក្ស ឧត្តុង្គឧត្តម ដែលខេត្តព្រះវិហារបានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២២.៩ វិច្ឆិកា ១៩៥៣ . ៩ វិច្ឆិកា ២០២២ និងផ្សារភ្ជាប់ជាមួយព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិខួបលើកទី ១៨ឆ្នាំ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈរបស់យើងផងដែរ។ ពិធីនេះ ធ្វើឡើងក្នុងន័យដើម្បីសម្តែងនូវមនោសញ្ចេតនាសោមនស្សរីករាយ អបអរសាទរ នៃការគ្រងរាជសម្បត្តិរបស់ព្រះអង្គ ក៏ដូចជាការដឹងគុណនូវទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូល ដណ្ដើមបានទាំងស្រុងមកវិញនូវឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូរណ៍ពីអាណានិគមនិយមបារាំងនាថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ។ ព្រះអង្គជាព្រះបិតាសន្តិភាព ព្រះបិតាបង្រួបបង្រួមជាតិ និង ផ្សះផ្សាជាតិ ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ ពោរពេញទៅដោយបទពិសោធន៍កំពូល ទ្រង់មានព្រះតម្រិះរិះរកគន្លឹះ ដោះស្រាយបញ្ហាកម្ពុជាប្រកបដោយគតិបណ្ឌិត ទេពកោសល្យ ធ្វើឱ្យមាតុភូមិកម្ពុជាមានសុខសន្តិភាពរស់ក្រោមដំបូលឆ័ត្រតែមួយគឺ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ពិធីនេះមានរៀបចំនូវរបាំជូនពរ ព្រមទាំងពិធីដាក់កូរោនផ្កា បាច់ផ្កា និងដុតភ្លើងជ័យ លែងព្រាប និងបង្ហោះប៉េងប៉ោង ព្រមទាំងចែកអំណោយជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន ៤១នាក់ ផងដែរ៕ ​សម្រួលដោយ ទៀង បុណ្ណរី 

អត្ថបទដែលជាប់ទាក់ទង