ការរៀបចំតុបតែងលម្អសោភណភាពនៅរាជធានីភ្នំពេញសម្រេចបានប្រមាណ ៩០ភាគរយហើយ
នៅសប្តាហ៍ក្រោយនេះ រាជធានីភ្នំពេញនឹងមានការរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ច ប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នឹងមានថ្នាក់ដឹកនាំប្រទេសមហាអំណាច មួយចំនួន ក៏អញ្ជើញមកចូលរួមផងដែរ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ការរៀបចំតុបតែងលម្អ សោភណភាព នៅរាជធានីភ្នំពេញ សម្រេចបានប្រមាណ ៩០ភាគរយហើយ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយការរៀបចំសោភណភាព ក៏នឹងត្រូវឱ្យរួចរាល់មុនកិច្ចប្រជុំមកដល់ផងដែរ។ លោកបន្តថា ចំពោះកិច្ចការសន្តិសុខ និងសណ្ដាប់ធ្នាប់ គណៈបញ្ជាការ ឯកភាព រាជធានីភ្នំពេញ ក៏បានរៀបចំនូវតម្រាយផ្លូវសំខាន់ៗ ដែលគណៈប្រតិភូត្រូវឆ្លងកាត់ និងត្រូវ យកចិត្តទុកដាក់ក្នុងការរៀបចំ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតំបន់ទាំងអស់នោះ។ កម្លាំងសន្តិសុខត្រូវបានរៀបចំឈរជើង និងល្បាតចាប់ពីពេលនេះទៅ។ អាជ្ញាធររាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅរាជ ធានីភ្នំពេញ និងប្រកបរបរនានា មានការរៀបចំខ្លួន និងចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ បរិស្ថាន និងមានការយោគយល់ នៅពេលដែលមានក្បួនប្រតិភូឆ្លងកាត់តំបន់ដែលកំពុង រស់នៅ ក៏ដូចជាផ្លូវដែលប្រជាពលរដ្ឋត្រូវប្រើប្រាស់ផងដែរ។ សូមបញ្ជាក់ថា នេះគឺជាលើកទីបីហើយ ដែលព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺលើកទីមួយនៅឆ្នាំ២០០២, លើកទី២ នៅឆ្នាំ២០១២ និងលើកទីបីនៅឆ្នាំ២០២២នេះ៕សម្រួលដោយ ទៀង បុណ្ណរី