ឯកឧត្តម ជា សុមេធី ស្នើឱ្យអភិបាលស្រុកថ្មី ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អ ប្រកបដោយទំនួលខុសត្រូវខ្ពស់

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បាន ស្នើឱ្យអភិបាលស្រុកដែលទទូលបានដំណែងថ្មី ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អ ប្រកប ដោយទំនួលខុសត្រូវខ្ពស់ មានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន និងក្នុងអង្គភាពរបស់ ខ្លួន។សំណើនេះ ត្រូវបាន ឯកឧត្តមអភិបាលខេត្តលើកឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងអភិបាលស្រុកថ្មី គឺស្រុក ពាមជរ និង ស្រុកពារាំង កាលពីនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រមទាំងបានណែនាំឱ្យអភិបាលស្រុកថ្មី ត្រូវបែងចែកតួនាទីគ្នាធ្វើការឱ្យបានច្បាស់លាស់ និងត្រូវពង្រឹងបន្ថែមទៀត លើការងារបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀននិងល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាដើមចម បង្កើតឱ្យមានបញ្ហាជាច្រើននៅក្នុងមូលដ្ឋាន។ជាមួយគ្នានេះ ឯកឧត្តម ជា សុមេធី ក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ស្រុកទាំងអស់ ត្រូវសិក្សាស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយដោះស្រាយជូនពលរដ្ឋអោយបានទាន់ពេលវេលា ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដីកោះ ដែលប្រើប្រាស់ទូកដជាមធ្យោបាយឆ្លងកាត់ គឺត្រូវបង្កើនឧបករណ៍ការពារសុវត្ថិភាពឱ្យបានខ្ពស់ថែមទៀត ជៀសវាងកុំឱ្យមានគ្រោះ ដូចករណីលិចទូកដនៅស្រុកលើកដែក ខេត្តកណ្តាល ដែលបណ្តាលឱ្យក្មេងៗសិស្សសាលា ជួបគ្រោះអកុសល ស្លាប់បាត់បង់ជីវិតជាច្រើននាក់។ ចំណែកឯ អភិបាលស្រុកដែលទើបនឹងតែងតាំងថ្មី បានធ្វើការប្ដេជ្ញាចិត្ត ដោយទី ១.គោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ ទី២.គោរព និងអនុវត្តតាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ ទី៣.សាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ធ។ ទី ៤.រួមចំណែកក្នុងការបំពេញភារកិច្ចជូនរដ្ឋបាលខេត្ត និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។ទី ៥.ខិតខំបំពេញការងារជូន ឯកឧត្តម អភិបាលខេត្ត ក៏ដូចជា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត។ និងទី ៦.ស្វែងរកបទពិសោធន៍ការងារបន្ថែមនិងផ្តល់នូវបទពិសោធន៍ការងាររបស់ខ្លួនជូនដល់មន្ត្រីក្រោមឱវាទ។ សូមជម្រាបថា យោងតាមសេចក្តីប្រកាសដែលអានដោយនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តព្រៃវែង បានសម្រេចតែងតាំងលោក វ៉ា ធីម អភិបាលរងស្រុកពាមរក៍ ជាអភិបាលស្រុកពាមជរ ជំនួសលោក សេង ធា អភិបាលស្រុកពាមជរ ដែលត្រូវទៅបំពេញតួនាទីថ្មីនៅសាលាខេត្តព្រៃវែង និងតែងតាំងលោក ចេម ប្រា ជាអភិបាលស្រុកពារាំង ជំនួសលោក ហ៊ី ធួក អភិបាលស្រុកដែលត្រូវតែងតាំងជាអភិបាលរងខេត្តព្រៃវែង៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង