ក្រសួងប្រៃសណីយ៏និងទូរគមនាគមន៏ ចុះកំណត់យកទីតាំងសាងសង់ស្ថានីយអង់តែនទូរស័ព្ទចល័តចំនួន៦កន្លែង គោលដៅទេសចរណ៍អាទិភាពក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែងៈ ទីតាំងសាងសង់ស្ថានីយអង់តែនទូរសព្ទចល័តចំនួន៦កន្លែង ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធនិងប្រតិបត្តិករ ទូរគមនាគមន៍ បានចុះសិក្សា ត្រួតពិនិត្យ ដោយប្រមូលយកព័ត៌មាន នឹងទិន្នន័យសេវាទូរគមនាគមន៍ បានកំណត់យកគោលដៅទេសចរណ៍អាទិភាពស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។បេសកកម្មរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងការ ចុះមកសិក្សាកំណត់យក ទីតាំងសាងសង់ស្ថានីយអង់តែនទូរសព្ទចល័តចំនួន០៦កន្លែងនៅខេត្តស្ទឹងត្រែងនេះ គឺចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ។ ឯកឧត្តម ញឹក .កោសល្យវិទ្យា អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៏និងទូរគមនាគមន៏និងជាប្រធានក្រុមការងារប្រតិបត្តិតំបន់៥បានមានប្រសាសន៏ថា ក្រុមការងារអន្តរក្រសួងនិងមន្ទីរ ក្នុងនោះមានទេសចរណ៍ .បរិស្ថាន .វប្បធម៌និងវិចិត្រសិល្បៈ ដោយបានសហការជាមួយក្រុមការងារប្រតិបត្តិករទូរសព្ទចល័ត ក្រុមការងារប្រតិបត្តិករសាងសង់បង្គោលអង់តែន រួមទាំងអាជ្ញាធរពាក់ព័ន្ធ   ក្នុងនោះ បានឯកភាពគ្នា សម្រេចយកទីតាំងដែលអាជ្ញាធរមូលដ្ឋានបានចង្អុលបង្ហាញនិងផ្តល់ដីធ្វើជាទីតាំងសាងសង់បង្គោលអង់តែន  ដើម្បីធ្វើឱ្យតំបន់ទាំងនោះមានសេវាទូរសព្ទនិងសេវាអ៉ិនធឺណិតមានគុណភាពល្អនិងវិសាលភាពសម្រាប់បម្រើ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋយើង និងជាពិសេសភ្ញៀវទេសចរ។ឯកឧត្តមមានប្រសាសន៍បន្ថែមថា តំបន់ដែលបានកំណត់ដាក់បង្គោលស្ថានីយ៍អង់តែនទូរសព្ទ ទាំង៦កន្លែងនេះ វាជាតំបន់ទេសចរណ៍និងដាច់ស្រយាលនិងស្ថិតនៅជិត ទៅនិងរមណីយដ្ឋានអេកូទេសចរណ៍ ដែលអាជ្ញាធរខេត្តស្ទឹងត្រែងបានបង្កើតឡើង  មានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើន នារដូវប្រាំង។ លោក អ៊ន ប៉ោសឿន ប្រធានមន្តីរទេសចរណ៍ខេត្តស្ទឹងត្រែងបានលើកឡើងថា នេះជាការគិតគូ និងបានរួមចំណែកក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្ត តបតាមប្រសាសន៍របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលថ្លែងក្នុងពិធីបិទសន្តិបាតបូកសរុបការងារទេសចរណ៍ផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ១៩ នៅថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២២កន្លងមកនេះ។ លោកស្រី នេត ចន្ទ័វរិន្ទ ប្រធានមន្ទីរប្រៃសណីយ៏និងទូរគមនាគមន៏ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ឆ្លើយតបតាមនិងតម្រូវការចាំបាច់នោះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន១០០នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងគុណភាពសេវាទូរគមនាគមន៍  ក្នុងនោះខេត្តស្ទឹងត្រែងក៏ទទួលបានមានចំនួន០៦កន្លែងផងដែរសម្រាប់ដំណាក់កាលទី១ស្ថិតនៅតាមគោលដៅទេសចរណ៍តំបន់ការពារធម្មជាតិ និងតំបន់ដាច់ស្រយាល។ សូមបញ្ជាក់ដែលថា ស្ថានីយ៍អង់តែនទាំង០៦កន្លែងនេះ  នឹងត្រូវរៀបចំសាងសង់ឡើងទីតាំងទី១នៅ រម្មណីយដ្ឋានអាហារដ្ឋានត្មាត ស្ថិតនៅភូមិខិស្វាយឃុំព្រែកមាស- ទី២ សហគមន៍អេកូទេសចរណ៍អូរចាយ ស្ថិតនៅឃុំសន្តិភាព ក្នុងស្រុកសៀមប៉ាង -ទី៣ សហគមន៍អេកូទេសចរណ៍កោះហាន ស្ថិតនៅភូមិខាំផាន់សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង -ទី៤ សហគមន៍អេកូទេសចរណ៍ព្រះរំកិល ស្ថិតនៅភូមិអន្លុងស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ-ទី៥ សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ស្ថិតនៅឃុំសំអាង និងទី៦ នៅរម្មណីយដ្ឋានអាចារ្យភ្លើង ស្ថិតនៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរវ៉ាត់  ខេត្តស្ទឹងត្រែង។ (ដោយសហការី tnm ស្ទឹងត្រែង  ) សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង