មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រះរាជពិធី «គោចរបិណ្ឌបាត្រ» ប្រគេនព្រះសង្ឃ ១០០ អង្គ ដើម្បីឧទ្ទិសមហារាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខ័ន្ធ ព្រះមហាវីរក្សត្រ
នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រះរាជពិធី «គោចរបិណ្ឌបាត្រ» ប្រគេនព្រះសង្ឃ ១០០ អង្គ ដើម្បីឧទ្ទិសមហារាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខ័ន្ធ ព្រះមហាវីរក្សត្រ ក្នុងឱកាសខួបទី ១០០ ព្រះវស្សា នៃថ្ងៃប្រសូត្រ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ។ ព្រះរាជពិធីដ៏ថ្លៃថ្លានេះ ប្រារព្ធធ្វើនៅព្រះមណ្ឌបព្រះបរមរូប ក្រោមព្រះវត្តមាន និងវត្តមាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អារុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិមុទិតា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា កូនចៅ ចៅទួត បានមកជួបជុំគ្នានៅព្រះមណ្ឌបព្រះបរមរូបរៀបចំព្រះរាជពិធី «គោចរបិណ្ឌបាត្រ» ប្រគេនព្រះសង្ឃ ១០០ អង្គ ដើម្បីឧទ្ទិសមហារាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គ។ ថ្វីត្បិតព្រះវរកាយព្រះអង្គបានចាកឆ្ងាយពីកូនចៅ ចៅទួតក៏ពិតមែន ក៏ព្រះមហាករុណាទិគុណ និងស្នាព្រះហស្ថក្នុងព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យជាតិ និងកសាងជាតិនៅស្ថិតក្នុងការក្រឳបេះដូងទូលព្រះបង្គំយើងខ្ញុំជាដរាប។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ ទូលព្រះបង្គំសូមសម្តែងនូវសេចក្តីថ្លែងអំណរព្រះរាជគុណ ប្រកបដោយកត្តញ្ញូកតវេទីបំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សុភមង្គល និងសេចក្តីថ្លៃថ្នូរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ដែលទ្រង់សព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងមូលនិធិមុទិតា រៀបចំព្រះរាជពិធីដ៏ថ្លៃថ្លា ប្រកបដោយអត្ថន័យមួយនេះផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី