ក្រសួងពាណិជ្ជកម្មជំរុញអ្នកបង្កើតអាជីវកម្មថ្មីៗ បង្កើតម៉ាកសញ្ញាជារបស់ខ្លួនឯង

ក្រសួងពាណិជ្ជកម្ម ជំរុញដល់អ្នកបង្កើតអាជីវកម្មថ្មីៗនៅទូទាំងប្រទេសកម្ពុជាទាំងអស់បង្កើតម៉ាកសញ្ញាជារបស់ខ្លួនឯង ចៀសវាងការចម្លងពីប្រភពដទៃដែលធ្វើឱ្យប៉ះពាល់ដល់កម្មសិទ្ធិបញ្ញា ឬបង្កើតឱ្យមានការភាន់ច្រឡំលើផលិតផលនីមួយៗ។ ថ្លែងក្នុងពិធីបើកពិព័រណ៍មុខរបរ ឆ្នាំ២០២២ (Startup Expo 2022) ដែលមានម្ចាស់អាជីវកម្មជាច្រើនរូបចូលរួម នៅទីតាំង Factory Phnom Penh នៅថ្ងៃទី២៩ ខែតុលានេះ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជ កម្ម បានបញ្ជាក់ថា អ្នកបង្កើតអាជីវកម្មថ្មីៗ ឬអ្នកមានបំណងនឹងបង្កើតអាជីវកម្មថ្មីៗ ត្រូវគិតគូរពីការបង្កើតម៉ាកសញ្ញា ឬពាណិជ្ជសញ្ញាដែលជារបស់ខ្លួនឯង និងចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានកម្មសិទ្ធិបញ្ញាស្របច្បាប់ ក៏ដូចជាចៀសវាងនូវការជាន់ឈ្មោះនូវម៉ាកសញ្ញាពាណិជ្ជ កម្មតែមួយជាមួយនឹងអាជីវកម្មផ្សេងទៀត។ ឯកឧត្តម មានប្រសាសន៍ថា ការបង្កើតម៉ាកសញ្ញា និងចុះកម្មសិទ្ធិបញ្ញាស្របច្បាប់ ទទួលបានទំនុកចិត្តកាន់តែច្រើនពីអតិថិជនធំៗ ព្រមទាំងអាចពង្រីកទីផ្សារកាន់តែធំ និងកសាងកេរ្តិ៍ឈ្មោះក្រុមហ៊ុនកាន់តែល្បីល្បាញ។ ជាមួយគ្នានេះ ក៏អាចផ្តល់ទំនុកចិត្តឱ្យគ្នាទៅវិញទៅមក រវាងភាគីម្ចាស់ហ៊ុនក្នុងការចូលរួមបណ្តាក់ទុនប្រកបអាជីវកម្មរួមគ្នា ដើម្បីបញ្ចៀសការបោកប្រាស់នានា ព្រមទាំងអាចពង្រីកអាជីវកម្មឱ្យកាន់តែធំ ដើម្បីអាចមានសិទ្ធិលក់ពាណិជ្ជសញ្ញា(ហ្វ្រេនឆាយ)។ ឯកឧត្តម បន្តថា ការបង្កើតមុខរបរជាមួយនឹងម៉ាកសញ្ញាដោយខ្លួនឯង គឺមានសារសំខាន់ខ្លាំង ខណៈកម្ពុជាកំពុងមានកេរ្តិ៍ឈ្មោះល្អក្នុងការផលិតទំនិញ ដែលជំរុញដល់ការប្រកួតប្រជែង និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោក សំ កុសល ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Baksey Media គាំទ្រចំពោះការបង្កើតម៉ាកសញ្ញាដោយខ្លួនឯង ក្នុងការ បង្កើតអាជីវកម្មថ្មី ខណៈរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការជាអ្នកជួយជ្រោមជ្រែងលើការងារនេះ និងរកទីផ្សារលក់ផលិតផលជូន។ សូមបញ្ជាក់ថា ពិព័រណ៍មុខរបរ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២នេះ ក្នុងគោលបំណងបង្កើតឱកាសដល់អ្នកមានបំណងបង្កើតអាជីវកម្មថ្មីៗ ក៏ដូចជាអ្នកទើបបង្កើតមុខរបរថ្មី ឱ្យទទួលបានចំណេះដឹង និងបទពិសោធន៍ក្នុងការប្រកបអាជីវកម្មពីម្ចាស់អាជីវកម្មដែលទទួលបានជោគជ័យរួចហើយ។ ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ មានក្រុមហ៊ុនប្រមាណ៦០ ចូលរួមដាក់បង្ហាញផលិតផលនៅតាមស្តង់អាជីវកម្មរៀងៗខ្លួន ក៏ដូចជាមានការចែកសៀវភៅពាក់ព័ន្ធនឹងការធ្វើជំនួញចំនួន៣ពាន់ក្បាល និងសិក្ខាសាលាចែករំលែកបទពិសោធន៍អាជីវកម្មពីមានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។ នាយកប្រតិបត្តិក្រុមហ៊ុន Baksey Media បានថ្លែងថា តាមរយៈពិព័រណ៍នេះ អ្នកអត់ទាន់មានមុខរបរពិតប្រាកដ ក៏នឹងឈានទៅបង្កើតមុខរបរដោយខ្លួន ដោយសារពួកគាត់ មានឱកាសជួបជាមួយម្ចាស់អាជីវកម្មទាំងចាស់ ទាំងថ្មី ដែលបានចែករំលែកបទពិសោធន៍ក្នុងអាជីវកម្ម។ លោកបញ្ជាក់ថា «ការរៀបចំឱ្យមានពិព័រណ៍នេះ គឺចង់បំផុសនូវគំនិតរកស៊ីថ្មីៗដល់អ្នកទើបរកស៊ីថ្មីៗ និងអ្នកមានបំណងបង្កើតអាជីវកម្ម ដើម្បីឱ្យពួកគាត់មានគំនិតចាប់ផ្តើមមុខរបរនៅថ្ងៃមុខ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង