អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះ ពាល់ នៅឃុំស្ទឹងត្រង់

ប៉ៃលិន៖ ល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយក្រុមការងារ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ នៅឃុំស្ទឹងត្រង់ ក្នុងស្រុកសាលាក្រៅ ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ ពេលវេលា ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយសារ មានភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានធ្វើឱ្យជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលបណ្តាលឱ្យខូចខាតផលដំណាំ សម្ភារៈប្រើប្រាស់ សត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ ស្ថិតនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដូច្នេះសូមអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវសហការជាមួយអង្គភាពជំនាញ ពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ត្រូវសិក្សារកទីតាំងរំដោះទឹកចេញ បើសិនជាជំនន់ទឹកភ្លៀងមានស្ថានភាព មិនល្អ ដើម្បីធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានឆាប់ រហ័ស ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសត្វអសិរពិសផ្សេងៗ និងកូនចៅតូចៗចៀសវាងលង់ ទឹកជាយថាហេតុ ព្រមទាំងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ  ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ហើយបើមានបញ្ហាសុខភាព សូមប្រញាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលជិតបំផុត ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា។ សូមបញ្ជាក់ថា៖ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាតំបន់ទំនាប ដែលរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងសឹងរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំប៉ែកខាងលើ ហើយបច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត, សាខាកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពុងចុះសួរសុខទុក្ខ និងពិនិត្យមើលផលប៉ះពាល់របស់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីធ្វើការជួយសង្គ្រោះបានទាន់ពេលវេលា ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង