ប្រជាពលរដ្ឋ ចំនួន៣០០គ្រួសារ នៅស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ បានទទួលអំណោយស្បៀងបន្ទាន់របស់រាជរដ្ឋាភិបាល
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យបានអញ្ជើញចូលរួម ក្នុងពិធីចែកស្បៀងបន្ទាន់របស់សម្ដេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាតដោយសារគ្រោះជំនន់ទឹកភ្លៀង ចំនួន៣០០ គ្រួសារ។ ពិធីនេះ បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ទី២៧ ខែតុលា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលពី ឯកឧត្ដម ឡៅ ឆន សមាជិកព្រឹទ្ធសភា ឯកឧត្ដម នៅ សំ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្ដរមានជ័យ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាព លោកអភិបាលស្រុក ស្ថិតនៅបរិវេណស្រុកត្រពាំងប្រាសាទ។ ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិតអាសូរក្រៃលែង ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេ តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី។ ឯកឧត្ដមអភិបាលខេត្ដបន្ដថា សម្ដេចទាងទ្វេបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហានានា ដូចជា គ្រោះទឹកជំនន់ជាដើម ដើម្បីធ្វើការចែកជូនអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះនោះ ឱ្យបានទាន់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ឯកឧត្ដម ឡៅ ឆន បានលើកឡើងថា បញ្ហាគ្រោះមហន្តរាយ គឺមិនអាចកំណត់បានឡើយ កត្តាសំខាន់ គឺរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមតាមរយៈយន្តការ ឬវិធានការណ៍នានា ដើម្បីបង្ការទប់ស្កាត់ និងដោះស្រាយសង្គ្រោះអាយុជីវិតមនុស្ស ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្ដមបានថ្លែងការកោតសរសើរ ចំពោះអាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានរួមសហការគ្នា ត្រៀមបង្ការ និងជួយសង្គ្រោះប្រជាពលរដ្ឋ ព្រមទាំងបានជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់ តាមដានក្នុងគោលដៅប្រឈមនានា។ ទន្ទឹមនេះ បើមានបញ្ហាប្រឈម សូមប្រញាប់ជួយសង្គ្រោះប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព និងរាយការណ៍ជូនដល់ថ្នាក់ដឹកនាំ ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិត ដើម្បីជួយអន្តរាគមន៍សង្គ្រោះ មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ ស្លាប់ដោយគ្រោះទឹកជំនន់នោះឡើយ។ សូមបញ្ជាក់ថា អំណោយស្បៀងបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលយកមកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣០០ គ្រួសារនាពេលនេះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២៥ គីឡូក្រាម មី១ កេស ទឹកត្រី១ យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១ យួរ និងទឹកសុទ្ធ១ កេស ៕ សម្រួលដោយ ទៀង បុណ្ណរី