ឯកឧត្តម ខៀវ កាញារីទ្ធ អំពាវនាវដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់នៅកម្ពុជា ត្រូវបន្តចូលរួមគោរពច្បាប់លិខិតបទដ្ឋានគតិយុត្ត និងក្រមសីលធម៌និងវិជ្ជាជីវៈ
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ទាំងអស់នៅកម្ពុជា ត្រូវបន្តចូលរួមគោរពច្បាប់លិខិតបទដ្ឋានគតិយុត្ត ក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន។ . ក្នុងកម្មវិធីសន្និសីទថ្នាក់ជាតិស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នាសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា វិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ មានការរីកចម្រើនឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ ហើយការវិវត្តន៍យ៉ាងឆាប់រហ័សរបស់ប្រព័ន្ធបច្ចេកវិទ្យា មានដូចជា អេប គេហទំព័រ បណ្ដាញសង្គមមាន facebook youtube tiktok ជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ដោយចំនួនប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ជាពិសេសប្រព័ន្ធផ្សព្វផ្សាយបែបថ្មី និង ចំនួន អ្នកសារព័ត៌មានមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យញ្ហានៃការកើនឡើងនូវព័ត៌មាន មិនពិត និងដំណឹងក្លែងក្លាយមានការកើនឡើងច្រើននៅពេលមានព្រឹត្តិការណ៍ម្ដងៗ ដូចជាជំងឺឆ្លង ការបោះឆ្នោត និងព្រឹត្តិការណ៍សំខាន់ៗដទៃទៀត។ ដូចនេះអ្នកសារព័ត៌មាន មានតួនាទី ដែលត្រូវបន្តចូលរួម គោរពច្បាប់លិខិតបទដ្ឋានគតិយុត្ត ក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ វិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន និងលុបបំបាត់ព័ត៌មានមិនពិត។ « ដើម្បីលើកវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងលើកកម្ពស់កិត្យានុភាព អ្នកសារព័ត៌មាន ខ្ញុំសូមអំពាវនាវដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់នៅកម្ពុជា សូមបន្តចូលរួម គោរពច្បាប់លិខិតបទដ្ឋានគតិយុត្តនានា ប្រកាន់ខ្ជាប់ជានិច្ចនូវក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន ដោយកុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត និងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែក អភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន។ លើសពីនេះអ្នកសារព័ត៌មានត្រូវរាយការណ៍នូវព័ត៌មានពិត ត្រឹមត្រូវ និងមិនត្រូវធ្វើជាភ្នាក់ងារផលិត និងផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដែលអាចបង្កការបែកបាក់ ការស្អប់ខ្ពើម គុំកួន រើសអើង បង្កជម្លោះ និងអរិភាពផ្សេងៗក្នុងសង្គម។ អង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដែលបាន ក្លាយជាបំណិននៃជីវិតដ៏សំខាន់ ក្នុងការរស់នៅក្នុងសម័យដែលពោរពេញដោយជំនន់នៃព័ត៌មាន»។ សូមបញ្ជាក់ថា នៅក្នុងកម្មវិធីសន្និសីទថ្នាក់ជាតិនេះ មានអ្នកចូលរួមសរុបប្រមាណ ២៥០ រូប មកពីក្រសួង ព័ត៌មាន , អ្នកនាំពាក្យ ក្រសួងស្ថាប័ន , អង្គការយូណេស្កូ, ស្ថានទូត, អង្គការសង្គមស៊ីវិល ៕សម្រួលដោយ ទៀង បុណ្ណរី