កម្ពុជា ក្លាយជាប្រទេសទី១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងការបញ្ចប់វិបត្តិអន្ទាក់ចាប់សត្វព្រៃ

លោក សេង ទៀក ប្រធានអង្គការមូលនិធិធម្មជាតិសកល ហៅកាត់ WWF ប្រចាំកម្ពុជា អះអាងថា ក្លាយជាប្រទេសទី១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងការដឹកនាំធ្វើយុទ្ធនាការបញ្ឈប់ការដាក់ អន្ទាក់ចាប់សត្វព្រៃ បន្ទាប់ពីបានខិតខំរួមគ្នារវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូនានា នៅក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះព្រៃឡើងវិញ។ ថ្លែងក្នុងសន្និសីទន្និសីទសារព័ត៌មានស្តីពីការបញ្ឈប់ការជួញដូរសត្វព្រៃ ក្រោមផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យ ដែលធ្វើឡើងនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌល គិរី កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក សេង ទៀក បានបញ្ជាក់ថា ការ អនុវត្តយុទ្ធនាការអន្ទាក់សូន្យនៅកម្ពុជា ដោយឆ្លងកាត់៦ ខេត្ត ក្នុងរយៈពេល៦ខែមកនេះ បានក្លាយជាគំរូ សម្រាប់បណ្តាប្រទេសនានា ក្នុងទ្វីបអាស៊ីក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ ហើយបណ្ដាញអង្គការ WWF នៅក្នុងតំបន់កំពុងចាប់អារម្មណ៍ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។ លោកបានឱ្យដឹងថា យុទ្ធនា ការអន្ទាក់សូន្យនៅកម្ពុជា បានបញ្ជ្រាបចំណេះដឹងដល់មនុស្សប្រមាណ៣លាននាក់ ខណៈដែលអត្ថបទជាង៦១០ ត្រូវបានចុះផ្សាយនៅលើបណ្តាញសារព័ត៌មាននៅកម្ពុជា។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា យុទ្ធនាការប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ គឺជាការធ្វើឱ្យសត្វព្រៃមានសុវត្ថិភាពនិង ព្រៃឈើដែលកម្ពុជាខិតខំប្រឹងប្រែងការពារបានល្អប្រសើរ មានវត្តមានសត្វព្រៃ។ ។ ទោះជាយ៉ាងនេះក្តី ឯកឧត្តម បានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ មានការដោះចេញនូវអន្ទាក់សម្រាប់ចាប់សត្វព្រៃគ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិរហូតដល់ជិត៣ម៉ឺនអន្ទាក់ ដែលចំនួននេះបញ្ជាក់ថា ពុំមានការថយចុះនោះទេ។ ឯកឧត្តម បន្តថា យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃ ក្រោមផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យ ក៏បញ្ជាក់ពីគោល បំណងសំខាន់ៗរួមមាន៖ ទី១. លើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ ក្នុងខេត្តមណ្ឌលគិរីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ដោយបញ្ឈប់ការលក់ដូរមុខម្ហូប ដែលធ្វើពីសាច់សត្វព្រៃក្នុងភោជនីយដ្ឋានរបស់ខ្លួន និងចូលរួមផ្សព្វផ្សាយឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ, ទី២. លើកកម្ពស់ការយល់ដឹងជាសាធារណៈនូវហានិភ័យសុខភាពពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃ និងឃោសនាជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរផ្នត់គំនិតមិនត្រឹមត្រូវពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃដែលវាមិនផ្តល់ប្រយោជន៍សម្រាប់សុខភាព ឬគ្មានឥទ្ធិពលអ្វីបង្ហាញពីកិត្តិយស ឬឋានៈក្នុងសង្គមដូចអ្វីដែលមនុស្សមួយចំនួនតូចបានគិត និងដើម្បីឱ្យពួកគេបញ្ឈប់ការបរិភោគសាច់សត្វព្រៃ, និងទី៣. ផ្សព្វផ្សាយជាសាធារណៈឱ្យបានទូលំទូលាយបន្ថែមទៀតអំពីយន្តការអនុវត្តច្បាប់របស់ខេត្តមណ្ឌលគិរីក្នុងនោះមានក្រុមជំនួយអនុវត្តច្បាប់ចល័ត ព្រមទាំងសេចក្តីណែនាំនិងវិធានការនានារបស់ខេត្តពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃ។ សូមបញ្ជក់ថា យុទ្ធនាការអន្ទាក់សូន្យ ដើម្បីសង្រ្គោះជីវិតសត្វព្រៃដែលកំពុងប្រឈមនឹងការវិនាសផុតពូជ បានធ្វើនៅខេត្តនៃតំបន់ការពារធម្មជាតិរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ កំពង់ធំ និងរតនគិរី ដើម្បីផ្សព្វផ្សាយ និងអប់រំអំពីផលប៉ះពាល់ដោយសារអន្ទាក់ទៅលើជីវិតសត្វ និងជីវិតមនុស្ស ការផ្លាស់ប្តូរឥរិយាបថពលរដ្ឋឱ្យបង្កើនការប្រតិបត្តិមេត្រីបរិស្ថាន ស្រឡាញ់សត្វព្រៃជីវៈចម្រុះ និងការលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ខុសច្បាប់ និងការលុបបំបាត់ការជួញដូរសាច់សត្វព្រៃ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង