រដ្ឋបាលត្បូងឃ្មុំ ប្រារព្ធពិធីបិទអបអរសាទរ មហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ-សម័យ ខេត្តត្បូងឃ្មុំ ឆ្នាំ២០២២

ត្បូងឃ្មុំ ៖ រដ្ឋបាលត្បូងឃ្មុំ ប្រារព្ធពិធីបិទអបអរសាទរ មហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ-សម័យ ឆ្នាំ ២០២២ រៀបចំធ្វើឡើងដោយមន្ទូីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយកទីចាត់ការសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សិស្ស និស្សិត សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បេក្ខជនប្រឡង និងអ្នកពាក់ព័ន្ធជាច្រើនរូប ។ លោក កួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានធ្វើរបាយការណ៍សង្ខេប អំពីការរៀបចំមហោស្រពនេះ ដែលមានរយៈពេល ០១ថ្ងៃ គឺព្រឹកថ្ងៃទី២៤ ដល់រសៀល ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងបរិវេណសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ។ ក្នុងនោះលោកប្រធានមន្ទីរ បានបញ្ជាក់ថា បេក្ខជន បេក្ខនារី ដែលមកដាក់ពាក្យប្រឡងសរុបចំនួន ៣៣ រូប អវត្តមាន ០៣ រូប មានបេក្ខជនចូលរួមប្រឡង ៣០ នាក់ក្នុងនោះបេក្ខនារី ១៤ នាក់ ដូចជា : អ្នកចម្រៀងសម័យ មានចំនួន ១៣ នាក់ បេក្ខនារី ០៧ នាក់ អ្នកចម្រៀងបុរាណ មានចំនួន ១៧ នាក់ បេក្ខនារី ០៧នាក់។ ថ្លែងក្នុងពិធីបិទនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ និងប្រឹងប្រែងក្នុងការរៀបចំមហោស្រពសិល្បៈប្រឡងចម្រៀង សម័យ-បុរាណ ដើម្បីរួមចំណែកធ្វើឲ្យប្រជាពលរដ្ឋសប្បាយរីករាយ និងបង្ហាញពីប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ដោយមិនមានការភ័យខ្លាចដូចមុនទៀតទេ។ ឯកឧត្តម ក៏បានជំរុញ ដល់មន្ទីរវប្បធម៌ខេត្ត ក៏ដូចជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវប្រឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ក្នុងការប្រកួតប្រជែងប្រឡងចម្រៀងខ្មែរជាសកល និងបន្តទៅប្រកួតប្រជែងក្នុងព្រឹត្តិការណ៍មហោស្រពថ្នាក់ជាតិ ដើម្បីទទួលបាននូវជ័យលាភី ក្លាយជាអ្នកបន្តវេនពីរៀមច្បងបន្តទៀត លើកកិត្តិយសដល់ខេត្តត្បូងឃ្មុំរបស់យើង។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំប្រឹងប្រែង ក្នុងការចូលរួមអនុវត្តការងារឲ្យទទួលបានជោគជ័យ ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តសកម្មភាពការងារឱ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីឈានទៅសម្រេច ឱ្យបាននូវគោលនយោបាយជាតិស្តីពីវប្បធម៌ “អភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ជាតិ” ដោយអនុវត្តន៍ស្របតាម គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ធ្វើអោយប្រទេសជាតិមានការរីកចម្រើន និង អភិវឌ្ឍន៍ លើគ្រប់វិស័យ៕ សូមបញ្ជាក់ជូនថា បេក្ខជន បេក្ខនារីដែលបានប្រឡងចម្រៀងបុរាណ សម័យ ខេត្តត្បូងឃ្មុំ ឆ្នាំ ២០២២ ដោយទទួលបានជ័យលាភី ០៦ នាក់ បុរាណ និងសម័យ ចំណាក់ថ្នាក់លេខ ១ មានចំនួន ០២ នាក់ ទទួលបានថវិកាចំនួន ៨០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ ២ មានចំនួន ០២ នាក់ ទទួលបានថវិកាចំនួន ៦០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ ៣ មានចំនួន ០២ នាក់ ទទួលបានថវិកាចំនួន ៤០ម៉ឺនរៀល និងទទួលបានប័ណ្ណជ័យលាភីម្នាក់មួយៗ ផងដែរ។ ដោយឡែក បេក្ខជន បេក្ខនារី ដែលមិនបានជាប់ចំណាក់ថ្នាក់ ម្នាក់ៗ ទទួលបានថវិកា ១០ ម៉ឺនរៀល៕ សម្រួលដោយ ទៀង បុណ្ណរី  

អត្ថបទដែលជាប់ទាក់ទង