សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តបាត់ដំបងដែលបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តបាត់ដំបងដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងលទ្ធផលបោះឆ្នោតក្រុមបឹក្សាឃុំសង្កាត់នៅមូលដ្ឋានទទួលបានជោគជ័យសម្រាប់ការ បោះឆ្នោតនាពេលកន្លងទៅនេះ។ ក្នុងឱកាសផ្តល់ស្រូវពូជនិងសំណេះសំណាលជាមួយប្រជាកសិករប្រមាណ១១.៥២៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេស នៅពេលប្រជាពលរដ្ឋមានទុក្ខលំបាក គណបក្សប្រជាជនកម្ពុជារត់រកបងប្អូន មិនចាំបាច់ភ័យព្រួយនោះទេ។ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានានូវសន្តិភាពពេញលេញ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋពីសង្គ្រាម។សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីធានាឱ្យបាននូវសន្តិភាព។ «ខ្ញុំមិនភ្លេចអរគុណ ចំពោះប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង ដែលមានវត្តមាននៅទីនេះក្តី និងមិនមានវត្តមាននៅទីនេះក្តី បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតឃុំសង្កាត់កន្លងទៅ ឈ្នះភ្លូកទឹកភ្លូកដី ដែលជាមូលដ្ឋានសំខាន់មួយ សម្រាប់ឱ្យគណបក្សប្រជាជនឈានទៅ ឈ្នះឆ្នោត នៅឆ្នាំ២០២៣ខាងមុខ នេះជាប្រភពនៃការលើកទឹកចិត្ត ដែលតម្រូវឱ្យ ដោយសារគណបក្សប្រជាជនមាន សំឡេងភាគច្រើននៅមូលដ្ឋាន គណបក្សប្រជាជន មានជើងក្រោមរបស់ខ្លួន ដើម្បីចាត់ចែង វិធានការទាំងឡាយដើម្បីឆ្លើយតប ទៅនឹងការលំបាក របស់ប្រជាជន បន្តទៅទៀត ដោយសារគណបក្សប្រជាជនគ្រប់គ្រងអំណាច តាមរយៈនៃយន្តការ នៃគណបក្សប្រជាជន គឺយើងបានដោះស្រាយ បញ្ហាដូចនៅទីនេះ មិនមែននរណាមិនអាចចេះធ្វើបាននោះទេ ក៏ប៉ុន្តែត្រូវដោះរបៀបណា ដើម្បីដឹកជញ្ជូន ឱ្យបងប្អូនដល់ទីនេះ »៕សម្រួលដោយ ទៀង បុណ្ណរី