ថ្មីៗនេះសកម្មភាពនៃការចូលទន្ទ្រានកាន់កាប់ដីរដ្ឋមានការកម្រើកឡើងគួរឲ្យកត់សម្គាល់
TNM(ខេត្តព្រះសីហនុ) ៖ មន្ទីរបរិស្ថានខេត្តព្រះសីហនុបានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនឲ្យបានជ្រាបថា ក្រោយពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១១៦ អនក្រ.បក ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលមាត្រា១ នៃអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយមក ស្ថានភាពនៃសកម្មភាពបទល្មើស កាប់ឆ្ការព្រៃ ក្រៀវដើមឈើ ដាំដំណាំ សង់ខ្ទម និងបោះបង្គោលរបងហ៊ុមព័ទ្ធកាន់កាប់យកដីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ក្នុងតំបន់ការពារ ត្រូវបានសមត្ថកិច្ចបរិស្ថានយើងចុះអនុវត្តវិធានការទប់ស្កាត់ជាបន្តបន្ទាប់។
ក្នុងពេលថ្មីៗនេះ សកម្មភាព នៃការចូលទន្ទ្រានកាន់កាប់ដីរដ្ឋមានការកំរើកឡើងគួរឲ្យយកត់សម្គាល់ជាពិសេស នៅចំណុចភូមិសាស្ត្រ ក្បែរគន្លងផ្លូវល្បឿនលឿន និងគន្លងបង្គោលភ្លើងក្នុងតំបន់ការពារព្រែកទឹកសាបក្បាលឆាយ។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅពេលដែលកំលាំងការពារ និងមន្ត្រីឧទ្យានុរក្សយើងកំពុងជាប់ដៃក្នុងការការពាររោគរាតត្បាតជំងឺកូវ៥-១៩ ក្រុមឆ្លៀតឱកាសតែងតែបានលបលួចចូលកាប់ទន្ទ្រានព្រៃអារកាស្យាក្នុងតំបន់ក្បាលឆាយជាបន្តបន្ទាប់ ជាក់ស្តែងនៅចំណុចចំការម្រេចជាប់គន្លងបង្គោលខ្សែភ្លើងអគ្គិសនីថ្មី ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រង់និយាមកា (344839-1181875)។ ដើមអាកាស្សា និងព្រៃធម្មជាតិជាច្រើនហិកតាត្រូវបានជនឆ្លៀតឱកាសលួចចូលមកកាប់រំលំ ជាពិសេសសកម្មភាពតែងតែធ្វើឡើងនៅពេលយប់។
ជាវិធានការបង្ក្រាបបទល្មើសនេះ កម្លាំងមន្ត្រីឧទ្យានុរក្សយើងបានចាំឃ្លាំមើលសកម្មភាពតាំងពីម៉ោង ០៦ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ រហូតដល់ ម៉ោង០៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ កម្លាំងមន្ត្រីបានលឺសូរសំឡេងគោយន្តចូលមក។ ក្រោយពីបានមកដល់ទីតាំងដូចរៀបរាប់ខាងលើ ជនសង្ស័យបានចាប់ផ្តើមធ្វើសកម្មភាពអារផ្តួលរំលំដើមអាកាស្សាដោយប្រើរណាយន្តចំនួន០២គ្រឿង។ ក្រោយពេលជនសង្ស័យបានធ្វើសកម្មភាពភ្លាម កម្លាំងមន្ត្រីឧទ្យានុរក្សយើងក៏បានចេញមកធ្វើការឃាត់ខ្លួនតែម្តងដែលមានជនសង្ស័យចំនួន០៣នាក់ ភេទប្រុស រួមជាមួយនឹងគោយន្តចំនួន២គ្រឿង និងរណាយន្តចំនួន០២គ្រឿង។
ដោយអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា មន្ត្រីឧទ្យានុរក្សយើងបានធ្វើការនាំខ្លួនបុរសទាំង៣នាក់ រួមជាមួយនឹងវត្ថុតាងដូចមានរៀបរាប់ខាងលើ ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាក សួរតាមនីតិវិធីច្បាប់។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម បណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕