បន្ទាប់ពីងើបចេញពីផេះផង់នៃសង្គ្រាម ពីគំនរឆ្អឹង កម្ពុជា បានធ្វើដំណើរដល់ចំណុចសន្តិភាពពេញលេញ និងស្ថេរភាពនយោបាយ ថ្ងៃនេះ វិស័យឯកជន បានចាប់ដៃជាមួយក្រសួងបរិស្ថាន
បើកទំព័រថ្មីក្នុងកិច្ចសហប្រតិបត្តិការ រវាងក្រសួង និងដៃគូ ក្នុងវិស័យឯកជន ដើម្បីនឹងប្តេជ្ញា គ្រប់រោងចក្រសហគ្រាសរៀបចំឱ្យមានបរិស្ថានល្អ ស្អាត សំដៅឱ្យទីកន្លែងធ្វើការមានភាពស្អាត បៃតង និងផាសុកភាព។ ជាពិសេសប្រែក្លាយកន្លែងការងារ ជាកន្លែងដែលមានប្រាក់ខែសមរម្យ ទ្រទ្រង់ជីវភាពខ្លួនឯង និងគ្រួសារ »នេះជាការលើកឡើង របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃនេះ ក្នុងឱកាសបិទសិក្ខាសាលាស្តីពី «ការជំរុញការអនុវត្តច្បាប់ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ» ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងដៃគូរអភិវឌ្ឍន៍ វិស័យឯកជន រោងចក្រ សហគ្រាស និងអ្នកពាក់ព័ន្ធ។
នៅក្នុងឱកាសនោះ ឯកឧត្តម ទា ជុប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់លើកិច្ចគាំពារបរិស្ថាន និងការអភិរក្សជីវចម្រុះ បានមានប្រសាសន៍រាយការណ៍ថា ក្នុងក្របខណ្ឌនៃ «កិច្ចគាំពារបរិស្ថាន» ក្រសួងបរិស្ថានបានយកចិត្តទុកដាក់លើការទប់ស្កាត់ការបំពុលបរិស្ថាន និងថែរក្សាគុណភាពបរិស្ថាន ទឹក ដី ខ្យល់ ឲ្យមានភាពល្អប្រសើរ តាមរយៈការដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាព លិខិតបទដ្ឋានច្បាប់ និងវិធានការគ្រប់គ្រងសំណល់ និងសារធាតុបំពុលបរិស្ថាន ដោយត្រូវការជាចំបាច់នូវការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ម្ចាស់រោងចក្រ សហគ្រាស និងគ្រប់ភាគីពាក់ព័ន្ធ។ការចូលរួមរបស់ម្ចាស់អាជីកម្ម សហគ្រាស រោងចក្រ ទាំងអស់ ក្នុងការគោរពនិងអនុវត្តតាមវិធានការតម្រូវនៃលិខិតបទដ្ឋានច្បាប់ជាធរមាន ដើម្បីបញ្ជៀសផលប៉ះពាល់នានាដល់បរិស្ថាន សុខភាពសាធារណៈ និងប្រជាពលរដ្ឋ ។សម្រួលដោយ ទៀង បុណ្ណរី