ប្រធានាធិបតីទីម័រខាងកើត បានចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ
(ភ្នំពេញ)៖ លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ។ លោកប្រធានាធិបតី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជាពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោកប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។ លោកបានជួបពិភាក្សាទ្វេភាគជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ អំឡុងទស្សនកិច្ចនេះ កម្ពុជា-ទីម័រ បានចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន៖
ទី១៖ អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការធ្វើពាណិជ្ជកម្មអង្កររវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
ទី២៖ កិច្ចព្រមព្រៀង ស្ដីពីសេវាកម្មដឹកជញ្ជូនផ្លូវអាកាសរវាងរដ្ឋាភិបាល
នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ អំឡុងទស្សនកិច្ចនេះ ប្រធានាធិបតីទីម័រ មិនបានភ្លេចឡើយក្នុងការថ្លែងអំណរគុណដល់កម្ពុជា ដែលបានខិតខំជួយ និងគាំទ្រប្រទេសទីម័រខាងកើត ធ្វើជាបេក្ខភាពសមាជិកទី១១ របស់អាស៊ាន និងការផ្តល់ជំនួយវ៉ាក់សាំង និងសម្ភារបរិក្ខាជាច្រើន ដល់ប្រទេសទីម័រកន្លងមក៕ម្រួលដោយ ទៀង បុណ្ណរី