សភាកម្ពុជា គំាទ្រពេញទំហឹង ចំពោះប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ានទី១១
ប្រធានសភាកម្ពុជា បានគំាទ្រពេញទំហឹងចំពោះប្រទេសទីម័រឡេស្តេ ចូលជាសមា ជិកអាស៊ានទី១១។ការគាំទ្របែបនេះ ខណៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Manuel Ramos-Horta) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ក្នុងពេលដែល ឯកឧត្តមប្រធានាធិបតី មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានសម្តែងការអបអរសាទរ និងក្តី សប្បាយរីករាយដោយឃើញកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តម ប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្ពុជា ដែលបានគំាទ្រយ៉ាងខ្លំាងក្លាដល់ប្រទេស ទីម័រឡេស្តេ ក្នុងការបានចូលជាសមាជិកអាស៊ាន នៅក្នុងឆ្នាំ២០២២នេះ។ប្រទេសទីម័រឡេស្តេ នឹងខិតខំជំរុញទំនាក់ទំនងជាមួយកម្ពុជា លើគ្រប់វិស័យឱ្យ រឹងមាំថែមទៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ ទីម័រឡេស្តេ និងកម្ពុជា នឹងមានជើង ហោះហើរត្រង់ជាមួយគ្នា។ សម្តេច ហេង សំរិន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី នៅកម្ពុជា នឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ទីម័រឡេស្តេ ឱ្យបានកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ សម្តេចបានបញ្ជាក់ថា កម្ពុជាបានគំាទ្រពេញទំហឹងចំពោះប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ានទី១១ និងចូលជាសមាជិកអន្តរសភាអាស៊ាន សម្រាប់សភា ប្រទេសទីម័រឡេស្តេផងដែរ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ការបន្តថែរក្សា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាទ្វេភាគី និងក្នុងក្របខ័ណ្ឌសហគមអាស៊ាន ពិតជាមានសារៈសំខាន់ នៅក្នុងកាលៈទេសៈបច្ចុប្បន្ន និងទៅអនាគត ដែលសភាពការណ៍ សកលលោក មានការប្រែប្រួល ការវិវឌ្ឍឥតឈប់ឈរ៕សម្រួលដោយ ទៀង បុណ្ណរី