សហព័ន្ធប៊ូល និងប៉េតង់កម្ពុជា គ្រោងសាងសង់ទីលានស្តង់ដារអន្តរជាតិ សម្រាប់បម្រើដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ស៊ីហ្គេម ២០២៣

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានប្រកាសសាងសង់ទីលានស្ដង់ដារអន្ដរជាតិមួយ សម្រាប់បម្រើដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការ ណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ នៅក្នុងឱកាសបិទការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ កាលពីចុងសប្តាហ៍មុននេះ ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ថា ផែនការកសាងសង់ទីលានស្ដង់ដារនេះ គឺជាលក្ខណៈកីឡដ្ឋានតូចមួយ ដែលមានទីលានប្រកួតនៅកណ្ដាល ហើយមានកៅអីអង្គុយទស្សនាព័ន្ធជុំវិញ ដែលអាចផ្ទុកអ្នកទស្សនាប្រមាណ ៨០០ ទៅ៩០០នាក់។ គម្រោងនេះ នឹងចាប់ផ្ដើមសាងសង់ក្នុងសប្ដាហ៍នេះ ក្រោមជំនួយរបស់គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ( CAMSOC)។ ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានគូសបញ្ជាក់ថា តាមរយៈសមិទ្ធផលថ្មី ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នឹងជំរុញឱ្យកីឡាប៊ូល និងប៉េតង់កម្ពុជា មានលក្ខណៈកាន់តែល្អប្រសើរថែមទៀត ក្នុងការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ក៏ដូចជាការប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូង ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ ។ សូមបញ្ជាក់ថា ទីលានស្ដង់ដារលក្ខណៈបិទជិត ដែលសហការសាងសង់ រវាងសហព័ន្ធ និងផ្គត់ផ្គង់ដោយគណៈកម្មាធិការជាតិ CAMSOC នេះ គឺស្ថិតនៅជាប់នឹងទីលានប៊ូល និងប៉េតង់ ស្ថិតក្នុងពហុកីឡដ្ឋានជាតិនាពេលបច្ចុប្បន្ន ។ តាមការបញ្ជាក់ទីលានថ្មីនេះ គឺសម្រាប់បម្រើឱ្យតែការប្រកួតវគ្គផ្ដាច់ព្រ័ត្រប៉ុណ្ណោះ ខណៈការប្រកួតជម្រុះ នឹងត្រូវប្រកួតនៅទីលានខាងក្រៅ ដែលធ្លាប់ទទួលរៀបចំការប្រកួតអន្ដរជាតិជាច្រើនមកហើយ ក្នុងនោះក៏មានការប្រកួតជើងឯកពិភពលោកម្ដងផងដែរ កាលពីឆ្នាំ២០១៩កន្លងទៅ ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង