សកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ថ្ងៃច័ន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២
១. សកម្មភាពថ្នាក់ដឹកនាំមន្ទីរ
– លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ និងសហការី បានចូលរួមអបអរសាទរទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២២ ដែលប្រារព្វធ្វើនៅខេត្តកំពង់ឆ្នាំង។
– លោក ហៃ វាសនា អនុប្រធានមន្ទីរ តំណាងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក សាំង សុផល ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល លោក អាំង សុផល ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម ព្រមទាំងសហការី បានចូលរួមកម្មវិធី ចែកស្បៀង គ្រឿងឧបភោគ-បរិភោគ (មានអង្គរចំនួន ២៥គ.ក្រ ទឹកបរិសុទ្ធ(១,៥L) ចំនួន ១កេះ ត្រីខ ចំនួន ១យួរ មី ចំនួន១កេះ ទឹកស៊ីអ៊ីវ ចំនួន ១យួរ ទឹកត្រី ១យួរ និងថវិកា ២០ ០០០រៀល) ដល់ប្រជាពលរដ្ឋចំនួន ២ ០០០គ្រួសារ និងពូជស្រូវចំនួន ១២៣,៧៥តោន ដល់ប្រជាពលរដ្ឋចំនួន ២ ៥២៤គ្រួសារ ដែលទទួលរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ខេត្តសៀមរាប។
២.ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
២.១. ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា២០២២
– អនុវត្តបានសរុបចំនួន ១៨២ ៧៤៥ហិកតា(បញ្ចប់) ស្មើនឹង ៩៦,៣២% នៃផែនការ ១៨៩ ៧៣០ហិកតារួមមាន៖ ព្រោះស្រូវស្រាលបាន ៣៧ ១៧០ហិកតា និងស្ទួង ៧០ហិកតា ព្រោះស្រូវកណ្តាលបាន ១០៧ ៣១០ហិកតា និងស្ទួង៩៧៥ហិកតា ព្រោះស្រូវធ្ងន់បាន ៣២ ៤០០ហិកតានិងសន្ទួង ៦៥៥ហិកតា ដាំស្រូវចំការបាន ១ ៥០០ហិកតា ស្រូវឡើងទឹកបាន ២ ៣៦៥ហិកតា និងស្រូវបង្កើនរដូវ ៣០០ហិកតា។
– ជំនន់ទឹកភ្លៀងខ្លាំងដែលបានធ្វើឱ្យដំណាំស្រូវ រងផលប៉ះពាល់ចំនួនសរុប ៣៧ ៧៨៥ហិកតា ដែលមាន ០៧ស្រុកក្នុងនោះមានស្រុកស្រីស្នំ អង្គរជុំ ពួក វ៉ារិន ជីក្រែង ក្រឡាញ់ និងប្រាសាទបាគង។ ក្នុងដំណាំស្រូវ ទទួលរងការខូចខាតសរុប ១៣ ០៦៣ហិកតា លើស្រុកចំនួន០៥ ឃុំចំនួន ៣២ភូមិ ចំនួន២២១ និង ៧ ២៥២គ្រួសារ។ តាមការប៉ាន់ស្មានផ្ទៃដីអាចស្តារឡើងវិញចំនួនសរុប៣ ៧៧៤ហ.ត ស្មើតម្រូវការពូជចំនួន ៣៧៧,៤តោន ក្នុងនោះស្រុកស្រីស្នំ ១៥៧៥ហ.ត ស្រុកពួក ២៥៣ហ.ត ស្រុកក្រឡាញ់ ១ ៨៩៤ហ.ត ស្រុកជីក្រែង ៥២ហិកតា ។
– ផលប៉ះពាល់ដោយជំនន់ទឹកទន្លេលើដំណាំស្រូវមានចំនួន ០២ស្រុក ៩ឃុំ ៧២ភូមិ ២ ២៤៧គ្រួសារ ស្មើ នឹងផ្ទៃដី ២ ២៨៩ហិកតា ក្នុងនោះ ស្រុកជីក្រែងមាន ៨ឃុំ ៦៨ភូមិ ១៩៦១គ្រួសារ ស្មើនឹងផ្ទៃដី ១ ៩៥៩ហ.ត ក្នុងនោះខូចខាតអស់ចំនួន ១៣៥ហិកតា និងស្រុក ពួក ០១ឃុំ ៤ភូមិ ២៨៦គ្រួសារ ស្មើនឹងផ្ទៃដីចំនួន ៣៣០ហ.ត។
– ការប្រមូលផលដំណាំស្រូវរដូវវស្សា២០២២៖ ប្រមូលផលស្រូវស្រាលរដូវវស្សាបានសរុបចំនួន ៨ ៩៦៥ហិកតា
ស្មើនឹង ៤,៩១% នៃផ្ទៃដីប្រមូលផល ១៨២ ៧៤៥ហិកតា។
២.២. ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវវស្សា២០២២៖ ធ្វើបានសរុបចំនួន ៣៣ ៦១៧ហិកតា ស្មើនឹង១០៩,២៥% នៃផែនការ ៣០ ៧៧១ហិកតា។
ក. ដំណាំសាកវប្បកម្ម
– ធ្វើបានសរុប២ ៥២៣ហិកតា ស្មើនឹង៨៨,៣៥% នៃផែនការ២ ៨៥៥ហិកតា ក្នុងនោះរួមមាន៖ ពោត ៤៧០ហិកតា ដំឡូងជ្វា ២៣៥ហិកតា បន្លែគ្រប់មុខ ១ ៥៧៦ហិកតា ឳឡឹក ២០៦ហិកតា និងម្ទេស ៣៦ហិកតា។
– ខូចដោយជំនន់ទឹកភ្លៀងចំនួន ២១ហិកតា តាមការប៉ាន់ស្មានអាចធ្វើស្តារឡើងវិញទាំង ២១ហិកតា។
ខ.ដំណាំឧស្សាហកម្ម
– ធ្វើបានសរុប ៣១ ០៩៤ហិកតា ស្មើនឹង ១១១,៣៨% នៃផែនការ ២៧ ៩១៦ហិកតាក្នុងនោះរួមមាន៖ ដំឡូងមី ២៩ ៣៦៨ហិកតា សណ្តែកបាយ ១ ២៩៥ហិកតា ល្ង ១២០ហិកតា អំពៅ ២៤១ហិកតា ល្ហុង ១៧ហិកតា ត្រសក់ស្រូវ/ត្រសក់ផ្អែម ១១ហិកតា ម្នាស់ ១១ហិកតា ឈូក ២៥ហិកតា និងល្ពៅ ០៦ហិកតា។
– ដំណាំដំឡូងមី រងផលប៉ះពាល់លើផ្ទៃដីសរុបចំនួន ៧ ៣៥១ហិកតា មាន ២ស្រុក ចំនួន ៨ឃុំ ៥៦ ភូមិ និងមាន ៤ ៦៥៣ គ្រួសាររងគ្រោះ ។ ដំណាំដំឡូងមីទទួលរងការខូចខាតសរុប ៣ ១២០ហិកតា លើស្រុកចំនួន២ ឃុំចំនួន ០៨ភូមិចំនួន ៥៦ និង៤០៤២គ្រួសារ។ តាមការប៉ាន់ស្មានអាចធ្វើស្តារឡើងវិញចំនួន ៣ ១២០ហិកតា។
៣. ការិយាល័យផលិតកម្ម និងបសុព្យាបាល
– ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាល សហការរវាង Mahidol-Oxford Topical Research Unit ( MORU) និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្ម បានចូលរួមបូមឈាមសត្វ ជ្រូក និងគោនៅសត្តឃាតដ្ឋាន និងយកវត្ថុវិភាគជ្រូក ១៦ក្បាល គោ ១០ក្បាល ដើម្បីធ្វើតេស្តរកភាពស៊ាំ (អង់ទីគ័រ)នៃមេរោគ។
៤. ខណ្ឌរដ្ឋបាលព្រៃឈើ
– សង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ បានធ្វើការសម្របសម្រួលជាមួយក្រុមការងារលោកគ្រូ ថាវ សុភ័ក្រ មកពីមហាវិទ្យាល័យកសិកម្មចំការដូង និងDr Michiko Nukugawa មកពីសាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន និងសហការីសរុបចំនួន ៩នាក់ ស្រី្ត ២នាក់ ចុះខួងយកដី ១៦កន្លែង ជម្រៅ២ម៉ែត្រក្នុងឡូតិ៍នីមួយៗ ដើម្បីយកទៅពិសោធន៍នៅប្រទសជប៉ុន ដើម្បីស្រាវជ្រាវ ពីលក្ខណៈខុសគ្នារវាងដីឡូតិ៍ព្រៃល្បោះ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង ក្នុងចំការពូជឈើគ្រញូងដែលបានបង្កើត ឡូកាលពីឆ្នាំ២០២១ មានចំនួន ៣ឡូតិ៍។
– សង្កាត់រដ្ឋបាលព្រៃឈើស្រែណូយ បានប្រគល់កូនឈើសរុបចំនួន២០០ដើម ជូនសាលាបឋមសិក្សាស្រែសមុទ្រ ដើម្បីយកទៅដាំក្នុងទីធ្លាសាលារៀន ដែលស្ថិតក្នុងភូមិស្រែសមុទ្រ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។
៥. ខណ្ឌរដ្ឋបាលជលផល
– ផ្នែករដ្ឋបាលជលផលចុងឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម ដឹកនាំដោយលោកចាន់ តុងនាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ២៤៦៣ជផ ស្តីពីរដូវបើកនេសាទឆ្នាំ២០២២-២០២៣ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។ សមាសភាពចូលរួមមាន៖ អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ក្រុមអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលប្រចាំការនៅឃុំកំពង់ភ្លុក រដ្ឋបាលសង្កាត់ចុងឃ្នៀស សហគមន៍នេសាទចុងឃ្នៀស និងប្រជានេសាទ សរុបចំនួន ៦០នាក់ ស្រ្តី ១០នាក់ ។សម្រួលដោយ ទៀង បុណ្ណរី