រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមដី១០ហិកតា នៅស្រុកឱវ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីធ្វើឡបូជាសពអ្នកកើតជំងឺកូវីដ-១៩

TNM(ភ្នំពេញ)៖ ក្រោយទទួលបានការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យរដ្ឋបាលរាជធានីភ្នំពេញ រកទីតាំង និងរៀបចំបង្កើតឡសម្រាប់បូជាសព អ្នកកើតកូវីដ-១៩នោះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំជាស្រេចនូវផ្ទៃដីប្រមាណ១០ហិកតា និងឡបច្ចេកទេសស្តង់ដារ ហើយបាននិងកំពុងមមាញឹកឈូសឆាយសាងសង់ទាំងយប់ទាំងថ្ងៃ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះថា ចំពោះមុខក្រោយពីទទួលបានបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន និងការដឹកនាំបញ្ជាដោយផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ភ្លាមៗអាជ្ញាធរ និងជំនាញពាក់ព័ន្ធបានគិតគូរ ជ្រើសរើសទីតាំងសម្រាប់រៀបចំធ្វើជាកន្លែងបូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ដោយគិតគូរពីសុវត្ថិភាព និងមិនឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះ ទើបពិនិត្យ និងសម្រេចឃើញថា មានតែទីតាំងមូលដ្ឋានក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនោះទេ ដែលផ្ដល់សុវត្ថិភាព និងជាជម្រើសល្អ នៅក្នុងការបង្កើតឲ្យមានជា ទីតាំងសម្រាប់បូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩នេះ ដោយសារទីនោះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។

លោក ម៉េត មាសភក្ដី បានបន្ថែមថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្ទៃដីទំហំប្រមាណ១០ហិកតា និងឡជាបច្ឆាបច្ចេកទេសស្តង់ដារចំនួន៦ សម្រាប់ត្រៀមបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នេះ គឺស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយបាននិងកំពុងមមាញឹកឈូសឆាយ រៀបចំទាំងយប់ទាំងថ្ងៃផងដែរ ។

លោក ម៉េត មាសភក្ដី បានគូសបញ្ជាក់បន្ថែមថា ទោះបីមកដល់ពេលនេះ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែបន្តមាន និងមានអ្នកស្លាប់ម្នាក់ក្ដី ក៏ភូមិសាស្ត្ររាជធានីភ្នំពេញ មិនត្រូវបានប្រកាសបិទ ឬផ្អាកចរាចរណ៍តំបន់ណាឡើយ លើកលែងតែទីតាំងប្រមាណជា១០០ទីតាំង ដែលមានដូចជាផ្ទះ ឬខុនដូជាដើម មានអ្នកពាក់ព័ន្ធកំពុងរស់នៅ និងធ្វើចត្តាឡីស័កប៉ុណ្ណោះ ដែលត្រូវបានហ៊ុព័ន្ធទីនោះ។

រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចជាស្រេច ចំពោះការដោះស្រាយសភាពការណ៍បន្ទាន់ៗ ទាំងការរៀបចំទីតាំងធ្វើចត្តាឡីស័ក ទីតាំងព្យាបាល ពិសេសគឺការការពារសន្តិសុខសណ្ដាប់ធ្នាប់តំបន់ពាក់ព័ន្ធទាំងនោះ៕

អត្ថបទដែលជាប់ទាក់ទង