ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយអង្គការដៃគូ បើកវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្រោមប្រធានបទ អនាម័យក្នុងបរិស្ថានប្រឈម
ក្រសួងអភិវឌ្ឍន៍ជនបទនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានសហការជាមួយអង្គការដៃគូ បើកវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្រោមប្រធានបទ«អនាម័យក្នុងបរិស្ថានប្រឈម» ក្នុងគោលបំណង អញ្ជើញអ្នកពាក់ព័ន្ធ រួមមាន ស្ថាប័នជំនាញមកពីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការ មិនមែនរដ្ឋាភិបាល តំណាងអ្នកផ្គត់ផ្គង់សម្ភារៈអនាម័យ និងសហគមន៍កំពុងអនុវត្តកម្មវិធីបម្រើសេវា កម្មអនាម័យ និងរស់នៅក្នុងសហគមន៍បរិស្ថានប្រឈម ដើម្បីរួមគ្នាចែករំលែកចំណេះដឹង ដំណោះស្រាយ បទពិសោធន៍ ហើយកម្មវិធីបានកំពុងអនុវត្ត ព្រមទាំងផ្តល់ឱកាសសម្រាប់បើកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ។ ពិធីនេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត លឹម សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោកស្រី ង៉ូយ គីមសែន អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួង អភិវឌ្ឍន៍ជនបទ លោក ម៉ក់ សុខាប្រធានកម្មវិធីលើកកម្ពស់អនាម័យ អង្គការវ័តធឺអេត និងតំណាងអង្គការ មួយចំនួនទៀត ប្រមាណ៦០នាក់ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។ លោក ម៉ក់ សុខា ប្រធានកម្មវិធីលើកកម្ពស់អនាម័យ អង្គការ WaterAid បានឱ្យដឹងថា ការគិតគូរអំពី អនាម័យក្នុងតំបន់ដែលមានបរិស្ថានប្រឈម គឺចាំបាច់ណាស់ ដែលទាមទារឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវធ្វើការនៅគ្រប់ទីកន្លែង រួមទាំង ក្នុងតំបន់អនាម័យដែលមានបរិស្ថានប្រឈម ។ លោកបានបន្ថែមថា ដើម្បីសម្រេចតាមវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាព អ្នកពាក់ព័ន្ធ ក៏ត្រូវស្វែងយល់ពីតំបន់អនាម័យដែលមាន បរិស្ថានប្រឈម ឱ្យបានច្បាស់លាស់និងត្រឹមត្រូវផងដែរ ។ សូមបញ្ជាក់ថា បរិស្ថានប្រឈមគឺសំដៅទៅលើទីជនបទដែលពិបាកក្នុងការសាងសង់បង្គន់អនាម័យធម្មតាៗ ឬការប្រើបង្គន់អនាម័យសាមញ្ញដែលទំនងជាបំពុលបរិស្ថានជុំវិញ ជាពិសេសប្រភពទឹកក្រោមដី និងប្រភព ទឹក លើដី ៕សម្រួលដោយ ទៀង បុណ្ណរី