មន្ទីរសាធារណការខេត្តស្ទឹងត្រែងចាប់ផ្តើមជួសជុលនិងកែសម្រួលផ្លូវជាតិលេខ៧ចាប់ចេញពីស្ពានសេកុងទៅដល់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល

ស្ទឹងត្រែង៖ ផ្លូវជាតិលេខ០៧ចាប់ចេញពីស្ពានសេកុងទៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល កម្ពុជា-ឡាវ នៅឆ្នាំ២០២២ បានរងការខូចខាតកាន់តែធ្ងន់ធ្ងរទៅ ដោយសារតែឆ្នាំនេះមានភ្លៀងធ្លាក់ច្រើននិងរថយន្តធំៗ ដឹកទំនិញផ្ទុកលើកទម្ងន់ផង ។ ក្នុងសកម្មភាពជួសជុលផ្លូវជាតិលេខ០៧ នៅក្នុងទឹកដីស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ថ្ងៃទី១៧ខែតុលាឆ្នាំ២០២២នេះ លោក ស គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាន បញ្ជាក់ថា៖ផ្លូវនេះរងការខូចខាតមែន ចំណែកការជួលនោះ វាមិនធានាដល់ការប្រើប្រាស់បានយូរអង្វែងទេ ព្រោះផ្លូវកៅស៊ូយកដីទៅចាក់កិន វាតែងតែជួបបញ្ហាខួចខាតទៅវិញជាអន្លើរៗ នៅពេលមានភ្លៀង ហើយរថយន្តបើកបរទៅមកច្រើននោះ ។ លោកថា៖ផ្លូវនេះ គម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមការវិនិយោគពីក្រុមហ៊ុនចិន នឹងធ្វើការសាងសង់ថ្មីឡើងវិញចាប់ពីព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង-ទៅដល់ច្រកទ្វារអន្តរជាតិ ត្រពាំងគ្រៀលកម្ពុជា-ឡាវ តែប៉ុន្មានឆ្នាំកន្លងមកនេះប្រទេសកម្ពុជាយើងជួបវិបត្តិកូវីដ១៩ ទើបវាបង្កឱ្យ រាំងស្ទះ រហូតមកដល់សព្វថ្ងៃនេះ។ លោកប្រធានមន្ទីរបន្តថា ក្រុមការងារមន្ទីរសាធារណការទទួលបានផែនការពីអាជ្ញាធរខេត្តផង កំពុងរៀបចំ ធ្វើការជួសជុលនិងកែសម្រួល ដើម្បីងាយស្រួលសម្រាប់រថយន្តម៉ូតូបើកបរទៅមក ជាពិសេស រថយន្ត ភ្ញៀវទេសចរចេញចូលទៅប្រទេសឡាវ។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ០៧ តភ្ជាប់ពីទឹកដីខេត្តក្រចេះ ទៅដល់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល កម្ពុជា ឡាវ មានប្រវែងជិត១០០គីឡូម៉ែត្រ ហើយកាលពីឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ធ្លាប់បានមកសន្យាថានឹងធ្វើការសាងសង់ថ្មីឡើងវិញ តែមិនទាន់ បានមកធ្វើទេ ទោះបីបានធ្វើការសិក្សារួចរាល់ហើយក៍ដោយ។ ប្រជាពលរដ្ឋសង្ឍឹមថា ទោះជាយ៉ាងណា បើមកធ្វើយឺត ល្អជាងមិនបានធ្វើសោះ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង