ឯកឧត្តម ព្រុំ សុខាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងជួបសំណេះសំណាលម្ចាស់ឆ្នោត នៅស្រុកស្នួល
អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាថ្មី ១ខ្នង ដែលចំណាយថវិកាសាងសង់អស់ប្រមាណជាង ៥ ម៉ឺន ៣ពាន់ដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សម្រាប់បម្រើដល់សាធារណៈ នៅក្នុងឃុំស្នួល ស្រុកស្នូល ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០២២ ក្រោមអធិបតីភាពឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ និងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត សរុបប្រមាណជា ១ ,៦00 នាក់ ។បន្ទាប់ពីលោក សាម ណាល់ ប្រធានគណបក្សស្រុក បានធ្វើរបាយការណ៍សង្ខេប អំពីវឌ្ឍនភាពការងាររបស់គណបក្សប្រជាជនក្នុងស្រុកស្នួលរួចមក ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងការកោតសរសើរ វាយតម្លៃខ្ពស់ និងអរគុណដោយស្មោះស្ម័គ្របំផុត ចំពោះបងប្អូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅក្នុងស្រុកស្នួលទាំងអស់ ដែលបានជឿទុកចិត្តមកលើគោលនយោបាយដឹកនាំរបស់គណបក្ស និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពី ពេលកន្លងមក ។ ឯកឧត្តម ព្រុំ សុខា មានប្រសាសន៍បន្តថា ៖ ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនប្រជាពលរដ្ឋនេះ ធ្វើឱ្យគណបក្សមានជំនឿជឿជាក់យ៉ាង រឹងមាំក្នុងការដឹកនាំកសាងប្រទេសជាតិ ឱ្យមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព នៃគោលនយោបាយដឹកនាំដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខក្នុងការពុះពារសម្រេចបេសកកម្មជាប្រវត្តិសាស្ត្រ ហើយយើងទាំងអស់គ្នានិងបន្តការការពារថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ សម្រាប់អនាគតរុងរឿងរបស់ប្រជាជនគ្រប់ជំនាន់ទៅមុខទៀតជាមួយគ្នា ។ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារចុះខេត្តក្រចេះ បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់សូមបន្តចូលរួមគោរព និងអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចនៅមូលដ្ឋាន ដើម្បីរួមចំណែកដល់ការរក្សាបាននូវសន្តិសុខសណ្តាប់ធា្លប់ក្នុងប្រទេស និងបន្តពង្រឹងពង្រីកប្រៀបឈ្នះរបស់គណបក្ស ដើម្បីឈានទៅដណ្តើមជ័យជម្នះ សម្រាប់ការ បោះឆ្នោតជាតិឆ្នាំ ២០២៣ ខាងមុខ ដើម្បីឱ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍកាន់តែខ្លាំងថែមទៀត ៕សម្រួលដោយ ទៀង បុណ្ណរី