សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជក្រឹតប្រទានគោរមងារ ប្រគេនព្រះមេគណខេត្តកំពង់ឆ្នាំង និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តអារញ្ញិការាម ក្រុងកំពង់ឆ្នាំង, ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២

១. សូមចូលរួមអបអរសាទរចំពោះព្រះសេរីធម្មញាណ សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង និងជាព្រះចៅអធិការវត្តអារញ្ញិការាម ដែលត្រូវបានព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រទានគោរមងារជា ព្រះទេពមុនី ព្រះរាជាគណៈថ្នាក់ចត្វា នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះកិត្តិយស និងគោរមងារ ព្រះទេពមុនី ដែលព្រះអង្គទទួលបាននេះ គឺពិតជាស័ក្តិសមនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, គុណបំណាច់ និងស្នាដៃដែលព្រះអង្គបានខិតខំបំពេញបូជាលះបង់ជូនចំពោះសាសនា និងសង្គមជាតិ ក្នុងរយៈកាលសាងព្រះផ្នួសជាបព្វជិតអស់រយៈពេលជាង ៦២ ព្រះវស្សាកន្លងមក។ ទន្ទឹមនេះ ក៏សូមអនុមោទនាត្រេកអរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលជាច្រើន ដែលរីកលូតលាស់ជាបន្តបន្ទាប់ក្នុងទីអារាមវត្តអារញ្ញិការាម ចាប់តាំងពីក្រោយឆ្នាំពី ១៩៧៩ មក ហើយនឹងបន្តទៅអនាគត។ ពិតណាស់ ការរីកចម្រើនទាំងនេះ បានឆ្លុះបញ្ចាំងពីតថភាពនៃការអភិវឌ្ឍឥតឈប់ឈររបស់សង្គមជាតិ ក្រោមម្លប់នៃសុខសន្តិភាពពេញលេញ នៅក្រោយការបញ្ចប់ទាំងស្រុងនូវសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃ ដែលប្រជាជាតិដ៏កំសត់នេះបានឆ្លងកាត់អស់កាលរយៈកាលជាង ៥០០ ឆ្នាំកន្លងមក។ សក្ខីភាពទាំងនេះ ក៏បានសរបញ្ជាក់ផងដែរអំពីតម្លៃមហាសាលនៃសន្តិភាព ដែលប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលមនុស្សត្រូវការជាចំបាច់សម្រាប់ដកដង្ហើម ដើម្បីរស់រានមានជីវិត។

២. ខុសពីការដឹកនាំនៅក្នុងរបបប៉ុលពត រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ តែងបានអនុវត្តគោលនយោបាយប្រកបដោយធម៌ជាកត្តាអាទិភាពចម្បងនៅក្នុងគ្រប់កិច្ចការ និងគ្រប់ដំណាក់កាលទាំងអស់ ទាំងការសង្គ្រោះអាយុជីវិត, ការបង្កើតដង្ហើមសេដ្ឋកិច្ច, ការបង្កើនឱកាសការងារ, ការបង្កលក្ខណៈដល់ការអនុវត្តសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋ រហូតទទួលបានការស្រលាញ់ជឿជាក់ និងក្តីទុកចិត្តជានិច្ចនិរន្តរ៍តរៀងមក។

៣. សូមសម្តែងនូវមោទនភាពចំពោះការអភិវឌ្ឍរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្ររបស់ខេត្តកំពង់ឆ្នាំង និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្ត និងមន្ទីរជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងលោកគ្រូអ្នកគ្រូ ដែលបាននិងកំពុងយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។ ជាមួយគ្នានេះផងដែរ ក៏សូមអរគុណដល់គណៈកម្មាធិការគណបក្សខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងសាខាបក្សភូមិ ព្រមទាំងក្រុមការងារចុះមូលដ្ឋានគ្រប់យន្តការនៅក្នុងមូលដ្ឋានក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបាននៅកៀកជិតស្និទ្ធបម្រើប្រជាជនដូចភ្លៀងរលឹម ដោយមិនគិតពីការនឿយហត់ និងប្រកបដោយការលះបង់គ្រប់បែបយ៉ាង ដើម្បីផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមជូនប្រជាពលរដ្ឋតាមមូលដ្ឋាន រហូតទទួលបាននូវទំនុកចិត្តដ៏លើសលប់ក្នុងគ្រប់អាណត្តិនៃការបោះឆ្នោតកន្លងមក។ គណប្រជាជនកម្ពុជាមានភាពរឹងមាំ គឺដោយសារកម្លាំងសាមគ្គីភាពដ៏ស្អិតរមួតរបស់ថ្នាក់ដឹកនាំ និងប្រតិបត្តិករគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងការគាំទ្រដ៏ស្មោះស្ម័គ្រពីសំណាក់ប្រជាជនជាម្ចាស់ស្រុក។
សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង