រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ

នាព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រារព្ធពិធីគោរព ព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប១០ឆ្នាំ នៃការយាងសោយព្រះទវង្គត របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ក្រោមវត្តមាន ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ តាជីយាយជី សិស្សានុសិស្ស យ៉ាងច្រើនកុះករ នៅសាលាប្រជុំសាលាខេត្ត។ ការប្រារព្ធពិធីនេះ បានធ្វើឡើងដោយមានការនិមន្តព្រះសង្ឃសូត្រមន្តបង្សុកូល តាមបែបព្រះពុទ្ធសាសនាជាតិខ្មែរ ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”។ ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្ស និស្សិត ប្រជាពលរដ្ឋជាកូន ចៅចៅទួតទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ សូមចូលរួមក្នុងភាពក្រៀមក្រំ លំឱនកាយវាចា ចិត្តគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងចង ចាំជានិច្ចនូវព្រះមហា ករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាល របស់ព្រះអង្គ ដែលបាន លះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ដែលបានធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ នោះហើយមានឈ្មោះល្បីល្បាញ ក្នុងឆាកអន្តរជាតិរហូតដល់សព្វថ្ងៃនេះ ។ ឯកឧត្តមបន្តទៀតថា ថ្វីបើព្រះរូប ព្រះកាយរបស់ព្រះអង្គ យាងទៅកាន់បរលោកទៅហើយក្តី ប៉ុន្តែព្រះរាជលំអានព្រះវីរគំរូដ៏ឆ្នើមក្នុងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់អង្គសម្តេចឪ ជាអម្ចាស់ ទ្រង់ស្ថិតនៅជានិច្ចកាលក្នុងមនសិការ និងឆន្ទៈរបស់ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាដែលជាកូនចៅចៅទួតមិនអាចបំភ្លេចបានឡើយ។ សូមបញ្ជាក់ថា ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទិវង្គត នៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង ប្រទេសចិន៕សម្រួលដោយ ទៀង បុណ្ណរី   

អត្ថបទដែលជាប់ទាក់ទង