រដ្ឋបាលខេត្តស្ទឹងត្រែងរួមនិងមន្ទីរទេសចរណ៍ រៀបចំពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកលើកទី៤៣ក្រោមប្រធានបទ”ការគិតគូរឡើងវិញពីទេសចរណ៍”

ខេត្តស្ទឹងត្រែង÷  នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តស្ទឹងត្រែងរួមសហការគ្នានិងមន្ទីរទេសចរខេត្ត បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកលើកទី៤៣ ក្រោមប្រធានបទ(ការគិតគូរឡើងវិញពីទេសចរណ៍) ។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតី ពីឯកឧត្តមស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង លោកប្រធានមន្ទីរទេសចរ និងមន្ត្រីរាជការ ពាក់ព័ន្ធជុំវិញខេត្ត រួមនិងប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ។ នៅក្នុងពិធីនោះលោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរខេត្តស្ទឹងត្រែង បានលើកឡើងថាការរៀបចំពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ 2022 នេះដោយលើកយកនៅប្រធានបទការគិតគូរឡើងវិញពីទេសចរណ៍។ពីព្រោះអីខេត្តស្ទឹងត្រែងគឺជាខេត្តមួយដែលមានសក្តាឆនុពលខ្ពស់ពីវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍បែបធម្មជាតិវប្បធម៌និងប្រវត្តិសាស្ត្រ។ លោកប្រធានមន្ទីរទេសចរខេត្តស្ទឹងត្រែងបានលើកឡើងបន្តថាសក្តានុពលទេសចរណ៍ដ៏សំបូរបែបរួមមាន ទន្លេបួនហូរកាត់ខេត្ត មានតំបន់រ៉ាំសា ព្រៃលិចទឹកទន្លេមេគង្គ ព្រៃធម្មជាតិ ភ្នំ តំបន់ភ្នំ មានប្រាសាទបុរាណ សត្វផ្សោតទន្លេមេគង្គ និងបងប្អូនជនជាតិដើមភាគតិច។ ធនធានទាំងនេះហើយដែលសុទ្ធសឹងមានសក្តានុពល ក្នុងការរៀបចំអភិវឌ្ឍន៍ផ្នែកទេសចរណ៍ ។ វាជាការទាក់ទាញចាប់អារម្មណ៍ពីរអ្នកវិនិយោគ ទាំងក្នុងស្រុកនិងក្រៅស្រុកធ្វើការអភិវឌ្ឍន៍លើវិស័យទេសចរណ៍នេះ។ ដោយឡែកខេត្តស្ទឹងត្រែងមានការតភ្ជាប់ផ្លូវជាតិធំៗ ដូចជាផ្លូវជាតិលេខ ៧ ផ្លូវជាតិលេខ ៩ ស្ពានឆ្លងកាត់ទន្លេសេកុងនិងស្ពានទន្លេមេគង្គ ផ្ដល់ឱ្យទេសចរណ៍មានលក្ខណៈគឺវិលជុំ។ ភាពជាក់ស្ដែងភ្ញៀវទេសចរណ៍អាចធ្វើដំណើរពីភ្នំពេញសៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរីមណ្ឌលគិរី ទៅភ្នំពេញវិញ ផ្លូវទាំងនេះអាចជួយសម្រួលក្នុងការធ្វើដំណើរដល់អ្នកទេសចរណ៍ ដោយពុំចាំបាច់វិលត្រឡប់ក្រោយវិញ។ ម្យ៉ាងវិញទៀតយើងរៀបចំអបអរសាទរទិវាទេសចរណ៍ពិភពលោកនៅខេត្តស្ទឹងត្រែងឆ្នាំនេះគឺដើម្បីបំផុសដល់មហាជនឲ្យមានការស្រឡាញ់បរិស្ថាននិងចង់បង្ហាញ ពីសក្តានុពលទេសចរណ៍ ក្នុងខេត្ត ទៅដល់ភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ ដោយបានជំរុញឲ្យ មានការរៀបចំ តំបន់ទេសចរណ៍វិញ ដែលមានស្រាប់ នៅក្នុងទឹកដីខេត្តស្ទឹងត្រែងទាំងអស់ ដើម្បីធ្វើឲ្យមាន។ភាពទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យចូលមកលេងកម្សាន្តឱ្យកាន់តែច្រើនឡើង។ លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្ត សូមឲ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការរួមគ្នាលើកកម្ពស់ ថែរក្សាអនាម័យបរិស្ថានស្អាតនិងឲ្យមានការរៀបចំយកចិត្តទុកដាក់វេចខ្ចប់កាកសំណល់ឱ្យបានត្រឹមត្រូវ។ នៅពេលខាងមុខខេត្តស្ទឹងត្រែងយើងនិងមានការប្រកួតប្រជែងទីក្រុងស្អាតផងដែរ៕(ដោយសហការី tnm ស្ទឹងត្រែង)សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង